សៀមរាប៖ សិក្ខាសាលា ស្តីពី ការផ្សាព្វផ្សាយការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម សិង្ហបុរី នៅកម្ពុជា និងការរីកចម្រើនកម្មសិទិ្ធបញ្ញា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩នេះ ក្នុងខេត្តសៀមរាប។ ក្រសួងឧស្សហកម្ម និងសិប្បកម្ម បានសហការជាមួយអង្គភាពកម្មសិទ្ធិបញ្ញា សិង្ហបុរី ដើម្បីរៀចំសិក្ខាសាលានេះឡើងជាលើកទី២ ក្នុងគោលបំណងផ្សព្វផ្សាយ នូវចំណេះដឹងពាក់ព័ន្ធកិច្ចការពារកម្មសិទ្ធិបញ្ញាដល់វិស័យឯកជន អ្នកច្នៃប្រឌិត
និងម្ចាស់សហគ្រាសទាំងអស់ សាស្រ្តាចារ្យ ភ្នាក់ងារកម្មសិទ្ធិបញ្ញា មន្រ្តីរាជការ ឲ្យយល់ដឹងអំពីសារប្រយោជន៍នៃការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសិង្ហបុរី នៅកម្ពុជា និងការរីកចម្រើនកម្មសិទិ្ធបញ្ញា។ ការយល់ដឹងអំពីការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា នឹងផ្តល់ផលប្រយោជន៍ ព្រមទាំងចំណេះដឹងដល់តក្កករ សិប្បករ មេធាវី ភ្នាក់ងារកម្មសិទ្ធិបញ្ញា ដែលកំពុងប្រកបរបរអាជីវកម្មរបស់ខ្លួន បានយល់ពីសារ:សំខាន់ នៃកិច្ចការពារកម្មសិទិ្ធបញ្ញា។
មានប្រសាសន៏ថ្លែងបើកក្នុងអង្គសិក្ខាសាលា ឯកឧត្តម សឹម ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួឧស្សាហកម្មនិងសិប្បកម្ម មានប្រសាសន៍ថា៖ សម្រាប់ការចូលរួមក្នុងក្របខ័ណ្ឌសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះកម្មសិទ្ធិបញ្ញា ដែលជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម ការជំរុញឲ្យមានការច្នៃប្រឌិត និងបង្កើតផលិតកម្មឧស្សាហកម្មថ្មីៗ ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ និងធ្វើឱ្យកាន់តែរីកចម្រើន និងធានាឲ្យបាននូវកិច្ចការពារកម្មសិទ្ធិបញ្ញា នៅកម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។ 
ឯកឧត្តម បន្តថា៖កម្ពុជាបានចូលជាសមាជិកទី១៥១ នៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty (PCT)) នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែលជួយសម្រួលដល់ការដាក់ពាក្យសុំ ការពិនិត្យនិងស្រាវជ្រាវ បោះពុម្ពផ្សាយប្រកាសនីយបត្រតក្កកម្ម កាត់បន្ថយលើការចំណាយប្រាក់ក្នុងកិច្ចការពារប្រកាសនីយបត្រតក្កកម្ម នៅក្នុងបណ្តាប្រទេសជាច្រើន ចំនួន១៥១ប្រទេសជុំវិញសាកលលោក និងសមាជិកទី៦៦ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ (ឆ្នាំ១៩៩៩) នៃកិច្ចព្រមពៀងទីក្រុងហេចពាក់ព័ន្ធនឹងការចុះបញ្ជីគំនូរឧស្សាហកម្មអន្តរជាតិ(The Geneva Act (1999) of the Hague Agreement for International Registration of Industrial Design) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រព័ន្ធទីក្រុងហេចផ្តល់អត្ថប្រយោជន៍ ដល់ការការពារនូវគំនូរឧស្សាហកម្ម នៅក្នុងបណ្តាប្រទេសជាច្រើន ជាង៨០ប្រទេសជុំវិញសាកលលោក ដោយគ្រាន់តែអនុវត្តនូវនីតិវីធីងាយៗដើម្បីបំពេញនូវសំណុំបែបបទដាក់ពាក្យស្នើសុំការពារគំនូរឧស្សាហកម្ម កាត់បន្ថយនូវកម្រៃសេវា និងការគ្រប់គ្រង់គំនូរឧស្សាហកម្មដ៏មានប្រសិទ្ធភាព។ ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជា គឺជាអ្នកប្រើប្រាស់ដ៏សំខាន់នៃប្រព័ន្ធទីក្រុងហេច ដែលទទួលបាននូវផលប្រយោជន៍ពីការកាត់បន្ថយលើការចំណាយប្រាក់ ក្នុងការដាក់ពាក្យសុំការពារគំនូរឧស្សាហកម្មតាមប្រព័ន្ធនេះ។
ឯកឧត្តម អគ្គនាយក បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម។ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម នឹងបន្តខិតខំធ្វើយ៉ាងណាឲ្យកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសផ្នែកប្រកាសនីយបត្រតក្កកម្មកាន់តែរីកធំធាត់ទៅមុខយ៉ាងឆាប់រហ៌ស៕




































