ព្រះសីហនុ នៅល្ងាចថ្ងៃទី 11 ខែមីនាឆ្នាំ 2019 នេះអភិបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីចាត់វិធានការចំពោះក្រុមពលរដ្ឋដើចាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុ។កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុងស្រុកទាំង៤ លាំងកងរាជអាវុធហត្ថ ខេត្តនិងស្នងការនគរបាលខេត្តព្រះសីហនុ។
គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំបន្ទាន់ល្ងាចនេះគឺបានផ្ដោតសំខាន់ទៅលើការអប់រំផ្សព្វផ្សាយនិងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមពលរដ្ឋមួយចំនួនដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃដែលនៅទំនេរនិងដីសាធារណៈរបស់រដ្ឋផងដែរ។
សូមជម្រាបជូនថារយៈពេលប្រមានជាងមួយសប្តាហ៍ចុងក្រោយនេះក្រុមពលរដ្ឋមកពីខេត្តផ្សេងៗទាំងហ្វូងៗ
បានធ្វើការប្រមូលផ្ដុំមនុស្សចូលទៅទន្ទ្រានកាន់កាប់វាស់វែងដីចែកគ្នានៅស្ទើរគ្រប់ស្រុក-ក្រុង ទៅតាមចំណែករៀងៗខ្លួន។បន្ទាប់ពីក្រុមអាជ្ញាធរតាមមូលដ្ឋានបានធ្វើការតាមដានស៊ើបអង្កេតរួចរាល់ពិនិត្យឃើញថាក្រុមប្រជាពលរដ្ឋទាំងនេះគឺបានចល័តមកពីតំបន់ផ្សេងៗឬខេត្តផ្សេងៗតាមការចលនាអូសទាញរបស់មេខ្លោងលាក់មុខនៅពីក្រោយខ្នងដើម្បីទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃរួមជាមួយនឹងដីរបស់រដ្ឋផងដែរក្រោមហេតុផល
ថាមានភាពក្រីក្រគ្មានដីគ្មានផ្ទះនៅ។
តែករណីនេះអាជ្ញាធរធ្វើការសន្និដ្ឋានថាគឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យក្រោមល្បិច ឈ្នះបានដីចាញ់បានលុយប៉ុណ្ណោះ។ជាវិធានការចំពោះមុខនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
បានប្រគល់ភារៈកិច្ចជូនគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់ទីតាំងដែលក្រុមគាត់ចូលទន្ទ្រានកាន់កាប់នោះដើម្បីអោយពួកគាត់បានយល់ដឹងព្រមទាំងកំណត់អត្តសញ្ញាណពួកគាត់អោយបានច្បាស់លាស់ ជំរុញឲ្យពួកគាត់យល់អំពីច្បាប់និងចាកចេញពីទីតាំងទន្ទ្រានដើម្បីចៀសវាងមានបញ្ហានៅពេលអាជ្ញាធរចាត់វិធានការផ្លូវច្បាប់។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តព្រះសីហនុ ក៏បាន ដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុរួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរត្រូវធ្វើការស្រាវជ្រាវតាមដានរកមុខសញ្ញាមេខ្យល់ទាំងអស់នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានលើកលែង។លោក យន្ត មីន បានបញ្ជាក់បន្ថែមថា៖ប្រទេសមានច្បាប់ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ។
ទន្ទឹមនេះលោកអភិបាលខេត្តព្រះសីហនុក៏បានផ្ញើសារអំពាវនាវដោយទទូចដល់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យទាំងអស់នេះសូមនាំគ្នាដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិរបស់គេនិងដីសាធារណៈរបស់រដ្ឋដើម្បីកុំអោយមានបញ្ហាប្រឈម៕(សាវ៉ុន)





































