ចំការគ្រញូងព្រះមហាក្សត្រឆេះ១៥ហិចតា និងបន្តឆេះជាបន្តបន្ទាប់ជិតរលាយអស់ហើយ ក្នុងស្រុកសន្ទុក  

0

កំពង់ធំ៖ ចំការគ្រញូង របស់ព្រះមហាក្សត្រ ស្ថិតនៅក្នុងស្រុកសន្ទុក ត្រូវបានមហាជន មានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ដោយសារតែព្រៃឈើគ្រញូងដែលបានដាំដោយ ព្រះមហាក្សត្រ កំពុងតែត្រូវបានភ្លើងឆាបឆេះ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ១៥ហិចតាហើយ តែបើសិនជា សមត្ថកិច្ចពាក់ព័ន្ឋ នៅតែពុំមានវិធានការការពារឲ្យ ម៉ឺងម៉ាត់ទេ ចំការគ្រញូងរបស់ព្រះមហាក្សត្រ ប្រហែលនៅសល់តែឈ្មោះ ដូចរុក្ខាទិវារបស់អភិបាលខេត្តកំពង់ធំមុន ។

ចំការគ្រញូង ដែលបានលើកឡើងនេះ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយាដងក្តា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវ​បានភ្លើងឆាបឆេះជាច្រើនហិចតា ដូចមិនដឹងពីមូលហេតុច្បាស់លាស់ ដោយហេតុការណ៍នេះ បានកើតឡើង  នៅថ្ងៃទី១១ ខែមីនា  ២០១៩  តែបើតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចបាន ឲ្យដឹងថា មូលហេតុ:បង្ករមកពីឆេះរាលភ្លើងព្រៃ ដោយសារប្រជាពលរដ្ឋរកដុតព្រៃរកសត្វ ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីបានទទួលសេចក្តីរាយកាណ៍ ក៏បាននាំយករថយន្ត ពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្តស្មើនិង១២ម៉ែត្រគុប និងគោយន្តដឹកទឹករបស់រដ្ឋបាលព្រៃឈើចំនួន០២គ្រឿង មកជួយពន្លត់ទើបរលត់ទាំងស្រុង ដោយបានប្រើប្រាស់កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន៤៥នាក់៕

ក្នុងនោះក៏មានការសោកស្តាយ យ៉ាងខ្លាំងពីសំណាក់មហាជន ដែលឈរមើលទាំងក្តីអស់សង្ឃឹមថា សូម្បីតែ ចំការគ្រញូងរបស់ព្រះមហាក្សត្រ ក៏រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ពុំមានលទ្ធភាពការពារដែរ ដោយពួកគាត់ បានមានចម្ងល់ថា ក្នុងចំការមានផ្ទះ មានរោង និងមានអ្នកយាមប្រចាំការទាំងប្រុស ទាំងស្រី មិនក្រោម១០ នាក់ ហេតុអ្វីបានជា ពុំមានវិធានការទប់ស្កាត់ការពារការឆេះរាលដាល់បាន  ហេតុអ្វីមិនឈូសព្រៃក្រវ៉ាត់ព្រំការពារភ្លើងឆេះ ការពារទ្រព្យសម្បត្តិរបស់ជាតិឲ្យបានគង់វង្សផង ។

ដោយ  ប៊ុន រដ្ឋា