ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធីបិទ​អង្គ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលេីកទិសដៅការងារឆ្នាំ២០១៩​ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​

0

កំពង់ចាម​:​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ​ ​និងអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ​ និងឯកឧត្តម ហ៊ុន ណេង​ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធាន​គណៈកម្មការទី៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ​អង្គ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងារ​ថ្នាក់​ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង​ប្រធាន​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ អភិបាល​ក្រុង​ ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍ សរុបប្រមាណជា៥៣៦រូប​ ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ បន្ទាប់ពីកិច្ចពិភាក្សា​ របស់​អង្គ​សន្និបាត​ អស់រយៈពេលមួយរសៀលរួចមក ក្រុមនីមួយៗ បានរកឃើញបញ្ហាប្រឈម ចំនួន​១៣​ប្រធានបទ​ ហើយ​ក៏​រក​ឃើញ​ដំណោះស្រាយ​ សម្រាប់​បង្ការ​ បង្គ្រាប​ និង​ទប់ស្កាត់​ផងដែរ​។
ក្នុង​នោះ​មាន​ដូច​ជា​ ប្រធានបទទី១​៖ ការងារសន្តិសុខសណ្តាប់ធ្នាប់ សកម្មភាព លួច ឆក់ប្លន់គ្រប់ប្រភេទ​។
ចំពោះ​​បញ្ហាប្រឈម៖ នៅមានបទល្មើសរំលោភសេពសន្ថវៈ អំពើហឹង្សាដោយចេតនា ល្បែងស៊ីសង អំពើឆបោក។ ប្រជាពលរដ្ឋខ្លះ ខ្លាចមិនហ៊ានធ្វើជាសាក្សី ដោយខ្លាចជនសង្ស័យ។ បទល្មើសភាគច្រើនកើតចេញពីមុខសញ្ញាដោះលែងពីពន្ធនាគារ។
ក្នុង​នោះ​ក៏​មាន​ដំណោះស្រាយ៖​ គឺត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ចងក្រង និងក្ដាប់មុខសញ្ញាគ្រប់ប្រភេទ។ ដាក់ភ្នាក់ងារតាមមូលដ្ឋាន ចុះដល់ទីតាំង ដើម្បីអប់រំ និងឈានទៅដល់ការបិទជាស្ថាពរ។ ធ្វើលិខិតក្នុងនាមចៅសង្កាត់ ជម្រាបដល់គ្រប់ទីតាំងដែលបានបើកល្បែងស៊ីសង។ បន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋហ៊ានធ្វើសាក្សី និងមានការធានាសុវត្ថិភាពជូនពួកគាត់។ ចុះធ្វើការស្រាវជ្រាវបង្ក្រាបចាប់ជនសង្ស័យ និង បក្សពួក។ ត្រៀមកម្លាំងជំនាញ អន្តរាគមន៍ ព្រមទាំងឧបករណ៍ជំនួយ សម្ភារៈ បច្ចេកទេស មធ្យោបាយ ដើម្បីដោះស្រាយសភាពការណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។
ប្រធានបទទី២៖ ប្រសិទ្ធភាពនៃយន្តការ និងការចាត់តាំងអនុវត្តការងារត្រួតពិនិត្យគ្រឿងញៀន
បញ្ហាប្រឈម៖ នៅតែមានអ្នកប្រើប្រាស់គ្រឿងញៀន មុខសញ្ញាជួញដូរមានចិត្តកាចសាហាវ។ បញ្ហាអសន្តិសុខផ្សេងទៀតដែលកើតឡើងជាយថាហេតុ។ បទល្មើសភាគច្រើនកើតឡើងពីមុខសញ្ញាដោះលែងពីពន្ធនាគារ។
ដំណោះស្រាយ៖​ ពង្រឹងបន្ថែមយន្តការចាត់តាំងរបស់គណៈកម្មការ គ្រឿងញៀន ក្រុងស្រុក ឃុំសង្កាត់ សុំមន្ត្រី្ដទាំងអស់ដែលជាសមាជិក គណៈកម្មាធិការ មានឆន្ទៈមុះមុតទាំងអស់គ្នា។ ជាពិសេស​ត្រូវផ្ដន្ទាទោសចំពោះអ្នកដែលមិនរាងចាលឱ្យបានធ្ងន់។​ ជា​មួយ​គ្នា​នោះ​ ក៏​មាន​ប្រធានបទ​ បញ្ហា​ប្រឈម​ ផ្សេងៗ​ទៀត​ ហើយ​ក៏​ត្រូវ​មាន​ដំណោះស្រាយ​យ៉ាង​សមស្រប​ផងដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ចាម មន្ទីរអង្គភាពជុំវិញនានា ក៏ដូចជារដ្ឋបាលស្រុក-ក្រុង រដ្ឋបាលឃុំ-សង្កាត់ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានចូលរួមគ្នាសម្រេចបាន នូវសមិទ្ធផលគ្រប់វិស័យ នៅទូទាំងខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍថែរក្សាសន្តិភាពស្ថិរភាពនយោបាយ និងរក្សាការពារបានយ៉ាងគត់មត់ នូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគឺខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមធ្វើឲ្យប្រទេសជាតិយើង បន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូត ដល់ ៧,៥ ភាគរយ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ តាមរយៈកំណើននេះ បានបង្កលក្ខណៈសម្បត្តិ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងខេត្ត បានខិតខំរួមគ្នាបង្កបរិយាកាសនយោបាយ ចូលរួមការពារសន្តិសុខ ព្រមទាំងចូលរួមបំពេញកតព្វកិច្ចនានា ស្របតាមច្បាប់ ទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ អោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាពនិងសុវត្ថិភាពយ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតនាអាណត្តកន្លងមកនៅក្នុងប្រទេសកម្ពុជាយើង ៕