ខេត្តកែប៖ រសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែបបានរៀបចំពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៨ និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០១៩ ក្រោមធិបតីភាពឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និង
ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ។ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ក្រុមប្រឹក្សាអភិបាល អភិបាលរង ក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាព និង មេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្ត ព្រមទាំង រដ្ឋបាលប៉ុស្តិ៍ទូទាំងខេត្ត សរុប៤៦៥នាក់។
មានប្រសាសន៍ស្វាគមន៍អង្គសន្និបាតនាឱកាសនោះ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ក៏បានគូសបញ្ជាក់ជូនក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្តកែប នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ។ ឯកឧត្តមបានបន្ថែមទៀតថា ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម ។






































