មនុស្សជាង១០នាក់មួយគ្រួសារមានទាំងប្តីនិងកូនតូចធំដង្ហោយសុំឲ្យតុលាការដោះលែងស្ត្រីពីររូប

0

សៀមរាប៖ មនុស្សជាង១០នាក់ ដែលក្នុងនោះមានទាំងម្តាយ.ប្តី. និងកូនតូចធំ ផង បានដង្ហោយសុំឲ្យតុលាការ ពិចារណាហើយដោះលែង ស្ត្រីពីររូបដែលត្រូវជាប្រពន្ធនិងម្តាយពួកគេ ខណៈគូជម្លោះវ៉ៃបាក់ដៃហើយ ត្រូវចាប់ខ្លួនទៀត។
ស្ត្រីដែលត្រូវតុលាការឃុំខ្លួនទី១ឈ្មោះ ត្រោក ទាប អាយុ៤៧ឆ្នាំ របួសបាក់ឆ្អឹងដងកាំបិត និងទី២ឈ្មោះគុណ ខ្លឹង អាយុ៣៣ឆ្នាំ ពួកគាត់មានទីលំនៅភូមិទឹកលិច ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
បុរសឈ្មោះសឹម គុណ ដែលត្រូវជាប្តីរបស់ស្ត្រីឈ្មោះត្រោក ទាប បានឲ្យដឹងថា ប្រពន្ធរបស់គាត់រួមទាំងប្អូនថ្លៃស្រីម្នាក់ទៀត ត្រូវសមត្ថកិច្ចនគរបាលខេត្តសៀមរាប ហៅទៅសាកសួរ ហើយចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ថា ធ្វើឲ្យខូចខាតដោយចេតនា និងជេរប្រមាថ។ ករណីនេះពុំមែនជាការពិតនោះទេ ហេតុដូច្នេះរូបគាត់ ម្តាយ បងប្អូន រួមទាំងកូនៗផង សុំឲ្យតុលាការពិនិត្យ និងពិចារណាហើយដោះលែងអ្នកទាំងពីរឲ្យរស់នៅក្រៅឃុំវិញ ត្បិតប្រពន្ធរបស់គាត់កំពុងរងរបួសបាក់ឆ្អឹងដងកាំបិតនៅឡើយ ដោយសាគូភាគីវ៉ៃ។
បុរសខាងលើបន្តថា ដំណើររឿងគឺផ្តើមចេញពីទំនាស់ដីធ្លី ដែលពួកគាត់រស់នៅកាន់កាប់ក្នុងឆ្នាំ១៩៨៧។ លុះឆ្នាំ១៩៩៥ ស្ត្រីឈ្មោះស៊ិន យ៉ាន អាយុ៦៩ឆ្នាំ បានមកសុំដីខាងលើនេះនៅជាបណ្តោះអាសន្ន។ ចាប់ពីឆ្នាំ១៩៩៥មក ឈ្មោះស៊ិន យ៉ាន បានរស់នៅលើដីរហូតមក។ លុះឆ្នាំ២០១៨ កូនរបស់ឈ្មោះស៊ិន យ៉ាន បានធ្វើរបងពទ្ធ័ទាំងដីនិងផ្ទះរបស់គាត់។ នៅពេលពួកគាត់រារាំង និងសាកសួរ គូភាគីឆ្លើយថា ជាដីរបស់ពួកគេទៅវិញ។ ភ្លាមៗនោះពួកគាត់ក៏បានប្តឹងទៅតុលាការ ប៉ុន្តែដោយមិនមានដំណោះស្រាយ ហើយមិនមានផ្លូវជូលផ្ទះផង ពួកគាត់ក៏បានកាច់របងទាំងនោះចោល ហើយក៏ត្រូវគូភាគីប្តឹងតបវិញដោយចោទថាធ្វើឲ្យខូចខាត និងជេរប្រមាថ។
សឹម គុណ ឲ្យដឹងទៀតថា នៅមុនពេលសមត្ថកិច្ចចាប់ខ្លួនប៉ុន្មានថ្ងៃ ប្រពន្ធរបស់កាត់បានទៅរើសផ្លែដូងលើដីដែលភាគីពទ្ធ័របង ហើយក៏ត្រូវបុរសឈ្មោះអោ អ៊ាម អាយុ៣៨ជាកូនស្ត្រីស៊ិន យ៉ាន វ៉ៃរហូតបាក់ឆ្អឹងដងកាំបិត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩ ក្រោយចេញពីមន្ទីរពេទ្យមកព្យាបាលគ្រូខ្មែរ ក៏ត្រូវប៉ូលិសហៅទៅសាកសួរហើយចាប់ខ្លួនបញ្ជូនទៅតុលាការតែម្តង។ ក្នុងករណីនេះ រូបលោករួមទាំងកូនៗ សុំឲ្យតុលាការពិនិត្យនិងពិចារណា ហើយដោះលែងប្រពន្ធនិងម្តាយពួកគាត់មកវិញ ព្រោះរឿងនេះគេរំលោភយកដី ធ្វើរបងពទ្ធ័ផ្ទះ និងវាយឲ្យរបួសហើយ បែជាត្រូវជាប់គុកទៅវិញ។
លោកថេង ចំរើន មេធាវីការពារក្តីជនជាប់ចោទ បានថ្លែងថា រឿងនេះ លោកកំពុងស្វះស្វែងដាក់ពាក្យចូកទៅតុលាការហើយ ដើម្បីធានាកូនក្តីឲ្យនៅក្រៅឃុំ។
លោកយិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ក៏បានថ្លែងថា ពេលនេះលោកកំពុងឆែករកមើលសំណុំរឿង ថាស្ត្រីទាំងពីរនាក់ត្រូវបានចោទប្រកាន់បទល្មើសអ្វីខ្លះ៕