ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបក៏អាចមានលទ្ធភាពទិញលំនៅដ្ឋានបាន តាមតម្លៃថោក

0

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបក៏អាចមានលទ្ធភាពទិញលំនៅដ្ឋានបាន ដោយទិញផ្ទះណាតាមតម្លៃថោកៗតាមលុយដែលខ្លួនមានទោះយ៉ាងណាក៏មានគុណភាព សុវត្ថិភាព និងជាសុខភាពសម្រាប់រស់នៅប្រចាំថ្ងៃដែរនេះបើតាមលោកសេង ថានី អនុលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅណែនាំបទដ្ឋានបច្ចេកទេសលំនៅដ្ឋាន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ដែលបានធ្វើឡើងនៅសណ្ឋាគារព្រះចន្ទ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩។ អ្នកស្រី អនុប្រធានមន្ទីររៀបចំដែនដីខេត្ត ក៏ដូចលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បាននិយាយថាការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន បានរៀបចំនូវសៀវភៅបទដ្ឋានបច្ចេកទេស លំនៅដ្ឋានតម្លៃសមរម្យ មានសារៈសំខាន់ណាស់ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម ឬ ប្រាក់ចំណូលទាប ដើម្បីជាមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់ធុរកិច្ចជន ដែលប្រកបអាជីវកម្ម អភិវឌ្ឍន៍លើវិស័យ សំណង់លំនៅដ្ឋាន ព្រមទាំងតំរង់ទិសដល់អ្នកសិក្សា គម្រោងប្លង់និងក្លាយជាឯកសារគោល សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស ក្នុងការសាងសង់ លំនៅដ្ឋានមានលក្ខណៈ តម្លៃសមរម្យ ដែលជាទីជម្រក ប្រកបដោយសុវត្ថិភាព ជាសុខភាព សុភមង្គល បរិស្ថាន ល្អជាពុំខានឡើយ។
​ លោក សេង ថានី អនុលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន នឹងកំពុងអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាសង្គមមួយមានលក្ខណៈទំនើប ស៊ីវិស័យ តាមរយៈការជំរុញ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ចសំខាន់ៗ និងចំាបាច់ក្នុងការលើកស្ទួយ កម្រិតជីវភាព របស់ប្រជាពលរដ្ឋជាពិសេស ការអភិវឌ្ឍន៍ លំនៅដ្ឋានគ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ។
ដោយមើលឃើញពីកំណើនប្រជាពលរដ្ឋកើនឡើងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីលំនៅដ្ឋាន និងគោលនយោបាយលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋានសមម្យ ក្នុងគោលបំណងជម្រុញ ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន និងផ្តល់លំនៅដ្ឋានតម្លៃថោកៗ តម្លៃសមរម្យ និងសមស្របដល់ការរស់នៅ ប្រកបមុខរបរចិញ្ជឹ ជីវិត ប្រកបដោយសុវត្ថិភាព ផាសុខភាព និងសេចក្តីថ្លៃថ្នូរ។
គួរបញ្ជាក់ថា លំនៅដ្ឋានសមរម្យគឺជាប្រភេទលំនៅដ្ឋាន សម្រាប់គ្រប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ឬប្រាក់ចំណូលទាប សាង់សង់ឡើងដោយក្រុមហ៊ុនឯកជន ដោយទទួលបានការលើកទឹកចិត្ត និងគាំទ្រពីរាជរដ្ឋាភិបាលលើផ្នែកសំខាន់ៗ បី គឺទី១ ផ្នែកវិនិយោគសាធារណៈ ទី២ ផ្នែកសារពើព័ន្ធ អាករ និងកម្រៃផ្សេងៗ និងទី៣ ផ្នែកនិយ័តកម្ម ៕