ក្រុងហុងកុងៈ បន្ទាប់ពីមនុស្សច្រើនពាន់នាក់បានចូលរួមសម្តែងប្រជាមតិ ការដើរតាមដងផ្លូវ និងអង្គុយដល់យប់អធ្រាត្រនោះ ប៉ូលិសកាលពីព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០១៤នេះ បានចាប់ខ្លួនមនុស្សជាង៥០០នាក់ដែលបដិសេធពុំព្រមចាកចេញពីសង្កាត់ពាណិជ្ជកម្មមួយនាភាគ
កណ្តាលក្រុងហុងកុង។ តាមប្រភពដដែលនេះ កងកម្លាំងប៉ូលិសបានធ្វើអន្តរាគមន៍នាវេលាម៉ោង ៣ទៀបភ្លឺនៅសង្កាត់ មួយដែលមានធនាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន ។ ដំបូង ប៉ូលិសបណ្តេញពួកបាតុករដែលចូលរួមហែក្បួនមុននេះ ហើយដែលសម្រេចបន្តការតវ៉ានៅទីនោះទៀត និងមិនព្រមទៅណាសោះ ព្រមទាំងបានច្រៀងចម្រៀងថែមទៀតផង។ អ្នកនាំពាក្យម្នាក់របស់ប៉ូលិសក្រុងហុងកុងគូសបញ្ជាក់ថា ប៉ូលិសចាប់ខ្លួនមនុស្ស៥១១នាក់ដែលចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយដែលគ្មានការអនុញ្ញាត ។
សូមរំឭកថា ហ្វូងមនុស្សដោយមានកាន់បដា និងស្រែកពាក្យស្លោក អ្នកតវ៉ារាប់សែននាក់ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការជួបជុំគាំទ្រប្រជាធិបតេយ្យមួយ ដែលក្រុមអ្នករៀបចំនិយាយថា អាចជាការជួបជុំធំបំផុតចាប់តាំងពីក្រុងនេះ ត្រូវបានប្រគល់មកឲ្យចិនវិញនាឆ្នាំ១៩៩៧។ ការជួបជុំនេះឆ្លុះបញ្ចាំងពីការមិនពេញចិត្តកើនឡើងជុំវិញការ រឹងរូសរបស់ក្រុងប៉េកាំងដែលថា ខ្លួនដាក់បេក្ខជនមុនការបោះឆ្នោតមួយក្នុងឆ្នាំ១០១៧សម្រាប់ មេដឹកនាំបន្ទាប់របស់ក្រុងពាក់កណ្តាលស្វយ័តមួយនេះ។ ការដើរក្បួនតវ៉ានេះ បានកើតឡើងបន្ទាប់ពីការធ្វើប្រជាមតិ
ក្រៅផ្លូវការស្តីអំពីកំណែទម្រង់ ប្រជាធិបតេយ្យ ដែលបានទាក់ទាញអ្នកបោះឆ្នោតជិត៨០ម៉ឺននាក់ ដើម្បីទាមទារយន្តការបោះឆ្នោតមួយ ដែលអនុញ្ញាតឲ្យអ្នកបោះឆ្នោតតែងតាំងបេក្ខជន ប៉ុន្តែត្រូវបានក្រុងប៉េកាំងចាត់ទុកថាខុសច្បាប់ និងគ្មានសុពលភាព ។ នៅឧទ្យានវិកតូរៀផាក របស់ក្រុងនេះ ដែលជាចំណុចចាប់ផ្តើមនៃការដើរក្បួន អ្នកតវ៉ាខ្លះ ច្រៀងភាសាចិនកាតាំងបទ« Do You Hear the People Sing?» នៅពេលយប់ចំនួនអ្នកតវ៉ា កាន់តែតិច ពួកគេក្រាញអង្គុយដល់យប់ជ្រៅ បន្ទាប់មកក្រុមប៉ូលិសចូលចាប់ញាត់បញ្ចូល រថយន្តក្រុងរហូតដល់រាប់រយនាក់តែម្តង៕