​ប្រកាស​តែងតាំង​ ព្រះ​មុនី​សោភ័ណ​ ប៊ត​ តាំង​ឆេង​ ជា​ព្រះ​នាគមុនី​មេគណ​ខេត្តកំពង់ចាម​

0

កំពង់ចាម​:​ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និង​ជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភាជាតិ និងលោកជំទាវ បាន​និមន្ត​និង​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​​ពិធី​ប្រកាស​តែងតាំង​ និង​ស្រោច​ស្រព​សុគន្ធ​វារី​ ព្រះ​មេគណ​ខេត្ត​កំពង់ចាម​ និង​សហការី​ ព្រមទាំង​ព្រះ​អនុគណ​ស្រុក​កំពង់​សៀម​ និង​សហការី​​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នារសៀល​ ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​វត្ត​ខែល​ជ័យ​ សិរីសោភណ​មុនី​រតនៈ​ ស្ថិត​ក្នុង​ភូមិ​ខែល​ជ័យ​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​លោក​ជំទាវ​ ព្រមទាំង​មន្ទីរអង្គភាពពាក់ព័ន្ធ​ និង​ព្រះសង្ឃ​ ពុទ្ធបរិស័ទ​ ប្រមាណ​ជា​១៥០០អង្គ​ នាក់​។

បេីយោងតាម​របាយការណ៍​របស់​ លោក​ស្រី​ សុភ័ក្ដ្រ​ ប្រធាន​មន្ទីរ​ធម្មកា​និង​សាសនា​ ​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ក្រោយ​ឆ្នាំ​១៩៧៩មក​ គណៈ​សង្ឈ​ខេត្តកំពង់ចាម​ គឺ​ដឹកនាំ​ដោយ​ ព្រះគ្រូ​ ស៊ិន​ ស៊ឹម​ ដែល​កាលនោះ​ គេ​ហៅ​ថា​ ប្រធាន​គណៈកម្មាធិការ​សង្ឈ​ខេត្តកំពង់ចាម​ និង​ជា​ព្រះ​ឧបជ្ឍយ៍​ប្រចាំ​ខេត្ត​ ដែល​មាន​តែ​មួយ​អង្គ​គត់​ ក្នុង​ខេត្ត​កាល​នោះ​។ ព្រះ​អង្គ​ បាន​ដឹកនាំ​សមាគម​ន៍​សង្ឈ​ខេត្ត​ រហូត​ដល់​កំឡុង​ឆ្នាំ​១៩៨៨​។ ជំនាន់​ទឺ២​ព្រះគ្រូ​ យ៉ង​ សុខ​ ត្រូវ​បាន​ប្រែក្លាយ​ជា​ព្រះ​នាគមុនី​មេគណ​ខេត្តកំពង់ចាម​ ព្រះអង្គ​បាន​ដឹកនាំ​សហគមន៍​សង្ឈ​ រហូតដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​ទទួល​អនិច្ចកម្ម​ ក្នុង​អំឡុង​ឆ្នាំ​ ២០០៦​ ។
ជំនាន់​ទី​៣​ ព្រះ​បី​ដកធម្ម​ ខៀវ​ ហ​ម​ ព្រះ​រាជា​គណៈ​ថ្នាក់​ចត្វា​ បាន​ដឹកនាំ​បន្ត​រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​ទទួល​អនិច្ចកម្ម​ នៅ​ឆ្នាំ​២០១៣​ ។ ជំនាន់​ទី​៤​ ព្រះ​ឧត្ដម​ប្រិយ៍ជា​ អន​ ធាងអាន​ ដឹកនាំ​បន្ត​រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​លាចាក​សិក្ខាបទ​ នៅ​ចុង​ឆ្នាំ​ ​២០១៨​ ។ ហើយ​ត្រូវ​បាន​តំឡើង​តាម​ឋានា​នុក្រម​ ដោយ​តែងតែ​ព្រះ​មុនី​សោភ័ណ​ ប៊ត​ តាំង​ឆេង​ ជា​ព្រះ​នាគមុនី​មេគណ​ខេត្តកំពង់ចាម​ ជំនាន់​ទី​៥ នា​ពេល​នេះ​តែ​ម្ដង​ ។

ជា​មួយ​គ្នា​នោះ​ ឯកឧត្ដម​ ហ៊ុន​ ណេង​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ បាន​ថ្លែង​ថា​ វត្ត​អារាម​នៃ​ព្រះ​ពុទ្ធសាសនា​ បាន​ក្លាយជា​ឃ្លាំង​ការពារ​មរតក​វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ អក្សរសាស្ត្រ​ជាតិ​ និង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​ របស់​យើង​រហូត​មក​។ បេី​យើង​សិក្សា​ប្រវត្តិសាស្ត្រ​ដ៏​វែង​ឆ្ងាយ​របស់​កម្ពុជា​យើង​ នោះ​យើង​នឹង​មេីល​ឃើញ​ថា​ មាន​ឯកសារ​យោង​ជា​ច្រើន​ ត្រូវ​បាន​រក្សា​ទុក​នៅ​នឹង​វត្ថុ​តែ​ម្ដង​។ បច្ចុប្បន្ន​នេះ​ប្រទេស​យើង​បាន​រីក​ចម្រើន​ហើយ​ តែវត្ត​អារាម​នៅ​តែ​ដេីរ​តួរ​នាទី​ដើម​បាន​យ៉ាង​ល្អ​ ដូចជា​ថែរក្សា​បាន​នូវ​សំណង់​អគារ​ ដែល​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ​ជា​ដេីម។ ព្រះ​ពុទ្ធសាសនា​ ក៏​ជា​កត្តា​មួយ​ ដែល​បាន​ចូល​រួម​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ដែល​ធ្លាប់​បែក​បាក់​សាមគ្គី​គ្នា​ ធ្លាប់​មាន​សង្រ្គាម​ផ្ទៃក្នុង​ជា​មួយ​គ្នា​ ឲ្យ​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​ចរាចរ​ បញ្ចប់​សង្គ្រាម​ដ៏​រាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​នៅ​លើ​ទឹក​ដី​ដ៏​កំសត់​របស់​យើង​ អស់​រយៈពេល​ជាង​២ទសវត្ស​ ប្រែក្លាយ​ពី​កម្ពុជា​មួយ​ដែល​មាន​តំបន់​ត្រួត​ត្រា​ច្រើន​ មក​មាន​តំបន់​ត្រួត​ត្រា​តែ​មួយ​ ផង​ដែរ​ ៕