ខេត្តស្ទឹងត្រែង៖ ការជម្រុញទៅដល់មន្ត្រីនគរបាលយុត្តិធម៌ ពិសេស មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅកៀកនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ប្រសាសន៍នេះ គឺនៅក្នុងពិធី បូកសរុបលទ្ធផលការងារនគរបាល ឆ្នាំ១០១៨ និងលើកទិសអនុវត្តបន្តឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣មិនា២០១៩នេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដោយមានការចូលរួមពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ព្រះរាជអាជ្ញាខេត្ត សាលាដំបូងខេត្ត មន្ត្រីខេត្ត ក្រុង ស្រុក និងមន្ទីរជុំវិញខេត្ត ច្រើនជាងរយនាក់ផងនោះដែរ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ម៉ៅ តារ៉ា បានថ្លែងថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តការងារ ដោយបំពេញតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមផែនការដែលក្រសួងមហាផ្ទៃបានដាក់ចុះ ក្នុងនោះក្រៅពីបានបំពេញកិច្ចការងារសង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ អនុវត្តច្បាប់ចរាចរផ្លូវគោក សម្រួលការធ្វើចរាចរ ជូនប្រជាពលរដ្ឋ និងរក្សាការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនោះ កម្លាំងស្នងការដ្ឋាន បានរួមគ្នាចុះពង្រឹងគោលនយោបាយភូមិ ឃុំ សុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះនាពេលកន្លងមក។ ហើយបានបន្តចុះធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយកម្លាំង
អង្គភាពប្រដាប់អាវុធផ្សេងៗទៀត ដើម្បីរក្សាសន្តិសុខព្រំដែន បង្ក្រាបករណីឆ្លងដែនខុសច្បាប់ បង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ បទល្មើសមជ្ឈឹម ល្បែងស៊ីសង បទល្មើសគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច ការស្តុកទុកឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសនេសាទ និងបង្ក្រាបបទល្មើសសត្វព្រៃ។ល។ លោកស្នងការបានបន្តថា ចំពោះករណីដែលនៅសេសសល់ទាំងប៉ុន្មាន ស្នងការដ្ឋាន នឹងបន្តអនុវត្តទៅតាមគោលការណ៍ណែនាំ និងដាក់ចុះរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងទិសដៅការងារសម្រាប់ឆ្នាំ២០១៩នេះ ឲ្យកាន់តែមានតម្លារភាព និងប្រសិទ្ធភាពថែមទៀត។ លោកឧត្តមសេនីយ៍ស្នងការ បានប្តេជ្ញា អនុវត្តន៍សារាចរលេខ ០៤ស.រ របស់រាជរដ្ឋាភិបាល ស្តីពី ការចាត់តាំងអនុវត្តន៍ វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង និងផែនការណែនាំលេខ ០៥២ ផ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការអនុវត្តន៍ប្រៀបសមរភូមិ ប្រឆាំងបទល្មើសគ្រឿងញៀន និងបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចាត់តាំងអនុវត្តន៍តាមសេចក្តីណែនាំ លេខ០០១ របស់ក្រសួងមហាផ្ទៃ ស្តីពី វិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អនាធិបតេយ្យតាមផ្លូវគោក និងនៅតាមផ្លូវទឹកជាប្រចាំ ព្រមទាំងបន្តបង្ក្រាបបទល្មើសព្រៃឈើ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាព។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ ជម្រុញដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការសហការណ៍រួមគ្នា អនុវត្តន៍ បំពេញតួនាទី និងភារកិច្ច ទៅតាមគោលការណ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ជាពិសេស ត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ឲ្យបានហ្មត់ចត់បំផុត។ លោក ម៉ុម សារឿន បានជម្រុញបន្ថែម ដោយតម្រូវឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ក្នុងខេត្ត សហការណ៍គ្នាបន្តចុះទប់ស្កាត់ និងបង្ក្រាបដោយគ្មានការយោគយល់ជាដាច់ខាត ចំពោះជនទាំងឡាយណា បើទោះបីជាជននោះ ពាក់ផ្កាយប៉ុន្មានក៏ដោយ ឲ្យតែបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស កាប់បំផ្លាញធនធានធម្មជាតិ ក៏ដូចជា បទល្មើសនានាទៀត នៅក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែងនេះ។
ក្រៅពីនោះ មន្ត្រីនគរបាលគ្រប់រូប ពិសេស មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ចុះជួបនិងស្គាល់ពីសុខទុក្ខពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយប្រសិនបើមានមន្ត្រីនគរបាលយុត្តិធម៌ណាមួយ ជាប់ពាក់ព័ន្ធ នឹងការផ្សំគំនិតប្រព្រឹត្តបទល្មើសនាពេលកន្លងមក ចាប់ពីពេលនេះទៅត្រូវបញ្ឈប់ និងដកខ្លួនចេញជាបន្ទាន់ បើពុំនោះទេកុំថាច្បាប់ គ្មានការយោគយល់ឲ្យសោះ។ លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលអនុវត្តតួនាទី និងភារកិច្ច ដែលថ្នាក់លើប្រគល់ជូន បានយ៉ាងល្អប្រសើរ ទាំងការរក្សាការពារសន្តិសុខព្រំដែន រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចុះជួយប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ រួមទាំងការបង្ក្រាប បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងបទល្មើសនានាទៀត បានគួរឲ្យកត់សម្គាល់៕




































