កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ រួមទាំងមន្រ្តីក្រោមឳវាទ បានចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក ស៊ុ ថូ ជាមន្ត្រីការិយាល័យទេសចរណ៍ បន្ទាប់ពីលោកស្រីបានទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យមួយរយ:រួចមកស្ថានភាពជម្ងឺរបស់លោកស្រីមានការធូរស្រាលជាងមុនច្រើន ទើបលោកស្រីសម្រេចចិត្តមកសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន និងបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលទើបសំរាលបុត្រចំនួន ៣ គ្រួសារស្ថិតនៅសង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។សកម្មភាពរបស់លោក ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ឲ្យឃើញ ពីការអាណិតអាសូ និងសម្តែង នូវការព្រួយបារម្ភណ៍ ពីសុខភាព និងសុខទុក្ខរបស់មន្រ្តី គ្រប់រូបដែលកំពុងតែ ប្រតិតបត្តិតួនាទី នៅក្នុងខេត្តកំពង់ធំ ទាំងអស់ ថែមទាំងបានបន្តសកម្មភាព មនុស្សធម៌ លែករំលែកនូវទុក្ខលំបាក ចំពោះមន្រ្តីកំពុង បំរើការងារក្តី រួមទាំងមន្រ្តីចូលនិវត្តន៍ទៅហើយក្តី បូករួមជាមួយនឹង ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែល ជានិច្ចជាកាល លោក ស្នងការតែងតែង ជួយទំនុកបំរុងដល់ជីវភាព ខ្វះខាតរបស់ពួកគាត់ផងដែរ។
ជាក់ស្តែងសកម្មភាព មនុស្សធម៌ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើឡើង នៅរសៀល ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ បានដឹកនាំក្រុមការងារយែនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះសំណាលសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក ស៊ុ ថូ និងស្រ្តីជាមន្រ្តីនគរបាល ៣ គ្រួសារ ដែលទើបឆ្លងទន្លេ និងបានផ្តល់នូវ គ្រឿងឧបភោគបរិភោគ រួមទាំងថវិការមួយចំនួនផងដែរ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ បានគិតគូរពី សុខទុក្ខរបស់មន្រ្តីគ្រប់ រូបដោយមិនបានបោះបង់ចោលនោះទេ ដោយមន្រ្តីគ្រប់រូបសុទ្ធសឹងតែ ជាបុគ្គលមានគុណសម្បត្តិ និងមាន ស្នារដៃបំរើជាតិមាតុភូមិ រក្សានូវសន្តិសុខសណ្តាប់ធ្នាប់របស់ ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋ ដេកលក់ស្រួល និងសុវត្តិភាព ដូច្នេះការចុះសួរសទុក្ខនេះ គឺមានរបស់កំដរដៃ បន្តិចបន្តួច តែវាជាទឹកចិត្តដ៏ធំ ពីសំណាក់ក្រុមការងារ ដោយមិនអាចកាត់ថ្លៃបាន ដើម្បីជាការលើកទឹកចិត្ត ដល់លោកស្រី ។
ក្នុងឳកាសនោះ លោកស្នងការ បាន ណែនាំឲ្យ លោកស្រីអនុសេនីយ៍ឯក ស៊ុ ថូ និងប្អូនស្រីនគរបាល ទាំង៣គ្រួសារ ដែលទើបឆ្លងទន្លេ ឲ្យ ថែទាំសុខភាព ពិសាអាហារដែលជំនួយសារពាង្គកាយ ទាំងទារក និងម្ដាយមានសុខភាពល្អ ពោលគឺចម្អិនបានឆ្អិនល្អបរិភោគបានទៀងទាត់តាមពេលវេលា រស់នៅមានអនាម័យជានិច្ចសម្រាកអោយបានគ្រប់គ្រាន់ យកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព តាមកាលវិភាគរបស់លោកគ្រូពេទ្យដើម្បីតាមដានអំពីស្ថានភាពជម្ងឺរបស់លោកស្រី ។
ដោយ ប៊ុន រដ្ឋា




































