កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សម្រាប់ សហគមន៌មូលដ្ឋាន ត្រូវបានក្រុមឈ្មួញគក់ជេរដីលក់តគ្នាជាបន្តបន្ទាប់ រយៈ ពេលចុងក្រោយនេះ ត្រូវបានក្រុមឈ្មួញ ដកយកស្លាកសញ្ញាបង្ហាញទីតាំងដីរដ្ឋចេញ នុងរៀបចំឯកសារ លក់ទិញ អោយឈ្មួញផ្សេងទៀតជ្រកក្រោមលេសដីទិញពីប្រជាពលរដ្ឋ ខណៈពេលចុងក្រោយនេះ ល្បីថាក្រុមឈ្មួញទាំងនោះបានទទួលលុយកក់ជាង១០ម៉ឺនដុល្លាមកហើយ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង សុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា ដីនៅតុំបន់នោះត្រូវបានក្រុមជនខិលខូចអង្កន់ចែកគ្នាជាតំបន់ៗ និងមានខ្លះបានលក់បន្តគ្នាជាច្រើនដំណផងដែរ។ ប្រភពដដែលបានអះអាងថាដីចំនួនជាង៣០០ហិកតានេះត្រូវបានមន្រ្តីជំនាញ និងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការហាមឃាត់ និងដកហូតយកវិញហើយ ថែមទាំងបានដាក់ស្លាកសញ្ញាបញ្ជាក់ថាជាដីរដ្ឋគ្រប់គ្រងផងដែរ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានអោយដឹងថា ដីខាងលើនេះប្រជាពលរដ្ឋតូចតាចមិនមាននរណាម្នាក់ហ៊ានប៉ះពាល់នោះទេ ប៉ុន្តែដីនេះគេសង្កេតឃើញតែក្រុមគក់ជេរដីបើករថយន្តឆ្វែលចុះឡើង លើកដៃចង្អុលឆ្វេងស្តាំកំណត់មុខសញ្ញាព្រំដីរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋបានអះអាងបន្ថែមទៀតថា រយៈពេលចុងក្រោយនេះក្រុមឈ្មួញទាំងនោះបាននាំគ្នាដកប៉ាណូស្លាកសញ្ញាដីរដ្ឋចេញ ត្រៀមលក់ និងដាក់គ្រឿងចក្រចូលឈូសឆាយ ខណៈល្បីថាក្រុមឈ្មួញទាំងនោះ បានទទួលលុយកក់ជាង១០ម៉ឺនដុល្លាអាមេរិករួចហើយនោះ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉េង ហាក់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស អ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយណាមួយបាននៅឡើយទេនៅរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩នេះ ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល ។
ករណីនេះផងដែរប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម អភិបាល ខេត្តកំពង់ឆ្នាំង សូមមានវិធានការត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពរបស់ក្រុមឈ្មួញដីខាងលើនោះអោយបានទានពេលវេលាផងទាន!! ដើម្បីថែរក្សាដីរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍អោយបានចំគោលដៅ ។