កំពង់ចាម: ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរសាធារណៈការខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ស្ថិតក្នុងក្របខណ្ឌរដ្ឋបាលខេត្ត នឹងបន្តខិតខំគោរពឲ្យបាននូវគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេស ជម្រុញមន្រ្តី មន្ទីរជំនាញ ចូលរួមអភិវឌ្ឍមូលដ្ឋាន និង អនុវត្តនូវវិធានការ ទប់ស្កាត់ ចំពោះអ្នកប្រើប្រាស់ផ្លូវ ថ្នល់ ស្ពាន ខុសពីការកំណត់ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈ កិច្ចសហការ ជាមួយមន្រ្តីពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ឯកឧត្ដមអភិបាលខេត្ត ក៏បានសន្យាផងដែរ នឹងដឹកនាំអនុវត្តតាមការណែនាំរបស់ប្រមុខដឹកនាំ ក្នុងការរឹតបន្តឹង ការថ្លឹងរថយន្តដឹកជំនិញគ្រប់ប្រភេទ គ្រប់ផ្លូវ និងគ្រប់ស្ថាននីយ៍ក្នុងខេត្ត ព្រោះមានការលើកឡើង នូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំពោះមន្រ្តី ដែលធ្វើការនៅមានបញ្ហាចន្លោះប្រហោង អនុវត្តសកម្មភាពរដ្ឋបាលជាប្រចាំ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ក៏ដូចជា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរ ផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានលើកឡើងពីគោលការណ៍ និងផែនការជាច្រើន ដែលក្រសួងបានដាក់ចេញឲ្យប្រើប្រាស់ ជាប្រយោជន៍ក្នុងការចូលរួមថែទាំ ជួសជុលផ្លូវ នៅទូទាំងប្រទេស សម្រាប់មន្រ្តីអនុវត្តសកម្មភាពការងារ មានដូចជា កម្មវិធីផ្តល់ព័ត៌មានពីស្ថានភាព ផ្លួវខូច តាមស្មាតហ្វូន ផែនការ១០០ថ្ងៃ ដែលក្រសួងបានអនុវត្ត កម្មឆៀករថយន្ត តាមអនឡាញ កម្មវិធីធ្វើបណ្ណបើកបរ ការបង្រៀនបើកបររថយន្តធុនធំ និងកម្មវិធីជាច្រើនទៀត តាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយពេលវេលា កាត់បន្ថយការចំណាយថវិកា និងការចំណាយមិនប្រក្រតីផងដែរ។ 
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងបន្តទៀតថា សម្រាប់ខេត្តកំពង់ចាម បានទទួលគម្រោងចំនួន១០ នៅក្នុងឆ្នាំ២០១៩នេះ សម្រាប់គម្រោងកែលំអរ និងកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ក្នុងនោះ មានផ្លូវ ថ្នល់ និងស្ពានជាដើម ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ លើសពីនេះ ក៏បានជម្រាបពីគម្រោងកសាងផ្លូវ ស្ពាន កំពង់ផែរនៅទូទាំងប្រទេសដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕




































