កំពង់ធំ៖ ឯកឧត្តម ថា អេងវែង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដោយឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាប្រធានគណអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានស្តីទីសាខាគយនិងរដ្ឋករខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ នាសាលប្រជុំសាលាខេត្តកំពង់ធំ។
ពិធីប្រកាសផ្ទេរភារកិច្ច ប្រធានស្តីទីសាខាគយ និងរដ្ឋករខេត្តកំពង់ធំ ដោយមានមន្រ្តីរាជការ ប្រធាន អនុប្រធាន មន្ទីរចូលរួមជាច្រើននាក់ផងដែរ លោក លី ប៊ុនសុង ត្រូវបានថ្នាក់ដឹកនាំ ជឿជាក់នូវសមត្ថភាព ប្រកាសផ្ទេរភារកិច្ច ជាប្រធានស្តីទីសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ ជំនួសលោក សុខាំ ភូ ប្រធានគយកំពង់ធំចាស់ ដែលត្រូវបានផ្ទេរភារិច្ចទៅធ្វើជា នាយកសាលាជាតិគយ មានឋានៈស្មើរប្រធាននាយកដ្ឋាន ។
លោក លី ប៊ុនសុង ប្រធានស្តីទីសាខាគយកំពង់ធំថ្មី បានប្តេជ្ញាចិត្តថា នឹងដឹកនាំពង្រឹងគុណភាពសាខាគយខេត្តកំពង់ធំ មានការរីកចម្រើនឲ្យបានល្អប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹង ទំនុកចិត្តថ្នាក់ដឹកនាំ និងថែរក្សារឹតបន្តឹងចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានរ៉ឹងមាំ ដើម្បីប្រសិទ្ធភាពប្រមូល ចំណូលពន្ឋគ្រប់តាមផែនការ ជាពិសេសការបង្រ្កាបបទល្មើសរត់គេចពន្ឋ និងប្តេជ្ញាដោះស្រាយនូវបញ្ហាប្រឈម បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ថា អេងវែង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រសាសន៍ ថ្លែងអំណរ គុណ ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ឋ ដែលបានគាំទ្រ និងសហការជាមួយ និងមន្រ្តីគយ ក្នុងការបំពេញតួនាទីភារកិច្ច ការប្រមូលពន្ឋគយនេះ ដោយឡែកគយមិនមែនមានតួនាទីប្រមូលពន្ឋតែមួយមុខទេ ការសម្រួលលំហូរពាណិជ្ជកម្ម ទាំងក្នុងនិងក្រៅប្រទេស និងការពារសន្តិសុខសង្គម ផងដែរ ចំនូលដែលគយប្រមូលបានក្នុងឆ្នាំនេះ បានជាង២៥០០លានដុល្លា ក្នុងរយះ៥ឆ្នាំកន្លងមកនេះ កើនឡើងជាង២ដងកន្លះ និងបូកជាមួយនឹងចំណូលអគ្គនាយកដ្ឋានពន្ឋដា ក្នុងឆ្នាំ២០១៨នេះ ចំណូលបានជិត ៥០០០លានដុល្លា និងបានផ្តាំផ្ញើរលោកប្រធានស្តីទីថ្មី សូមដកស្រង់បទពិសោធន៍ ពីប្រធានចាស់នូវភូមិសាស្រ្តនានា និងសូមឲ្យអស់លោក លោកស្រី មន្រ្តីគយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមមតិណែនាំទាំង៩ចំនុចរបស់ ឧបនាយករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍សង្ឃឹមយ៉ាងជឿជាក់ថា លោកប្រធានស្តីទីថ្មី និងធ្វើបានតាមការប្តេជ្ញាចិត្ត នូវយន្តការប្រមូលពន្ឋគយ ការទប់ស្កាត់ ទំនិញគេចពន្ឋនានា រួម ទាំងការបង្រ្កាបផ្សេៗ ដែលត្រូវសហការជាមួយប្រធានគណបញ្ជាការឯកភាពស្រុក ប្រធានមន្ទីរអង្គភាពជុំ ខេត្ត ឲ្យទទួលបានលទ្ធផលល្អ ព្រោះវិស័យគយ ពន្ឋដា គឺជាប្រភពចំណូលដ៏សំខាន់ សម្រាប់ការបើកប្រាក់ ខែជូនដល់មន្រ្តីរាជការ សេដ្ឋកិច្ចយើង ត្រូវពឹងលើខ្លួនយើង ដោយត្រូវពឹងលើដង្ហើមរបស់ប្រទេសណាទេ បច្ចុប្បន្នរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានខិតខំដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើង ចាម្ចាស់ការខ្លួនឯងបាន ។
ដោយ ប៊ុន រដ្ឋា





































