ព្រះវិហារ ៖ ព្រៃឈើកំពុងតែរលាយ ក្នុងដៃឈ្មួញ ក្រោមការឃុបឃិតគ្នា ជាមួយនឹងសមត្ថកិច្ចជំនាញ ដែល ជាសញ្ញាបង្ហាញពីការសាបសូន្យនៃព្រៃឈើ ខណៈពេលដែល ប្រមុខរាជរដ្ឋាភិបាល បានជឿនិងទុកចិត្ត មន្រ្តីថ្នាក់ក្រោមជាតិ ទាំងអភិបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ឋ និងអង្គភាពជំនាញ ដើម្បីទប់ស្កាត់បង្រ្កាបការកាប់រាន្ទ ព្រៃឈើ និងដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតិ តែគួរអោយអស់សំណើច លោក គឹម ជេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ឆ្លើយថាមិនដឹង ខណៈពេលដែលរថយន្ត វេអង់សណ្តោងកន្ទុយធំជាងយក្ស បើកកាតរុន្ធច្រមុះ។
ជាក់ស្តែងរថយន្ត ធុនយក្យ បានដឹកដំឡូងពីលើ ឈើពីក្រោម បានក្រឡាប់ក្អួតចង្អោរ ចេញឈើទាំងម៉ែត្រគូប កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ១០.១៥នាទី ស្ថិតនៅ ចំណុចទួល ៤២ ក្នុងភូមិ ស្រអែម ខាងជើង ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នា តាំងពីក្រោមផ្ទះ រហូតដល់មេដំបូល ទើបអាចដឹកចេញបាន តែ ចៃដន្យត្រូវទំនាយបណ្តាសារអ្នកតាព្រៃ ធ្វើឲ្យរថយន្តក្រឡាប់ក្អួតចេញឈើរាប់សិបម៉ែត្រគូប។
បន្ទាប់ពី អថ៍កំបាំងរបស់ឈ្មួញ និងសមត្ថកិច្ចជំនាញ រួមទាំងបរិស្ថាន ដែលត្រូវបានគេសង្ស័យថា ប្រាកដជា មានការដឹងចិត្ត ដឹងថ្លើមគ្នា ទើបឈើអាចចេញពីព្រៃបាន ដែលជាដែនសមត្ថកិច្ចរបសមន្រ្តីបរិស្ថានព្រះវិហារ ចំណែកឈើអាចចរាចរណ៍លើដងផ្លូវបាន ក៏ដោយសារបើកសញ្ញាភ្លើងខៀវពីមេព្រៃ រីឯសមត្ថកិច្ចទាំងពី ស្ថាប័នអាចធ្វើមិនដឹងមិនលឺបាន ក៏ដោយសារតែ លោកព្រឹទ្ធចារ្យអាមេរិកកាំង ទើបធ្វើឲ្យទាំងនាយខណ្ត ទាំងលោក គឹម ជេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ទាំងអ្នកអភិរក្សព្រៃឈើ ហៅថាបរិស្ថាន អាចបិទភ្នែកធ្វើមិនឃើញបាន ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា សកម្មភាពរបស់ក្រុមឈ្មួញកំពុងតែសម្រុកដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃការពារដោយរដ្ឋដូចជា ព្រៃព្រះរការ ព្រៃការពារគូលែនព្រហ្មទេព ព្រៃឡង់យ៉ាងអនាធិបតេយ្យយកទៅលក់នៅក្នុងទឹកដីខេត្តសៀមរាប តាមរយៈរថយន្តរបស់លោក ចាន់ ណា ដែលជាឈ្មួញឈើដ៏ល្បី បានដឹក ឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅចែកចាយនៅខេត្តសៀមរាប និង ចែកចាយបន្តតាមដេប៉ូនៅតាមបណ្តាខេត្តផ្សេងៗទៀតនោះ ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ថ្លែងថា អារឿងដឹកឈើនេះ អាហ្នឹងវាដឹកនឹងឡាន ហើយធំៗ ណាស់ យកភ្នែកទៅណាអស់ ទាំងភ្នែកទាហាន ទាំងផ្នែកប៉ូលិស ទាំងភ្នែកប៉េអ៊ឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅ ហីក៏អាហ្នឹងនឹងគេដែរ វាណាស់តែអញ្ចឹងណា អារឿងនេះមិនមែន និយាយមួយដង២ដងទេ ឥលូវនេះអំណាចត្រូវបានទម្លាក់ទៅថ្នាក់ក្រោមជាតិហើយ បើទោះបីច្បាប់ព្រៃឈើ និងច្បាប់នេសាទ គេឲ្យខណ្ទព្រៃឈើ និងខណ្ទជលផល នៅក្នុងគណបញ្ជាការឯកភាពខេត្ត អញ្ចឹងតែអស់លោកទាំងឡាយត្រូវក្តាប់ឲ្យជាប់ គ្មានឆ្លើយដាក់គ្នាទេ បើសិនជាមានគ្រឿងញៀនអាហ្នឹងវាពិបាក អស់លោកមកចាប់ ព្រោះមិនស្គាល់គ្រឿងញៀន រឿងគ្រឿងញៀនគេលាក់និងហោប៉ាវ ឯរឿងព្រៃឈើ គេដឹកនឹងឡាន ហើយភ្នែកយើង រាប់ពាន់រាប់លាន ភ្នែកយើងវាទៅណា? បានបណ្តោយឲ្យដឹកឈើនេះ វាបំផ្លាញទាំងព្រៃឈើហើយ វាបំផ្លាញទាំងផ្លូវទៀត ហើយមួយឆ្លើយដាក់មួយ ( ដូចលោក គឹម ជេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត និងលោក នួន សុខុម នាយខណ្ទរដ្ឋបាលព្រៃឈើជាដើម ) ។
ដោយ ប៊ុន រដ្ឋា