ខេត្តប៉ៃលិន ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់សន្លប់នៅនិងកន្លែង បន្ទាប់ពីបើកម៉ាស៊ីនច្រូតស្រូវក្នុងស្រែប៉ះលើមីនតោនផ្ទុះកក្រើក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ កក្កដា ២០១៤ នៅចំណុចក្នុងស្រែ ខាងលិចភ្នំកុយ ចម្ងាយពីផ្លូវជាតិ
លេខ៥៩ ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនរងគ្រោះទី១-ឈ្មោះ សឹង ពិសី ភេទប្រុស អាយុ ១៧ឆ្នាំមាន ទីលំនៅភូមិកោះខ្សាច់ ឃុំបឹងខ្នា ស្រុកប៉ាកាន ខេត្តពោធិសាធន៍ សព្វថ្ងៃមកស្នាក់នៅជាមួយពូនៅចំណុចភូមិកើតហេតុ ខាងលើជាអ្នក បើកម៉ាស៊ីនច្រូតស្រូវ ទី២-ឈ្មោះ មឿន តុលា ភេទប្រុស អាយុ១៦ឆ្នាំ និងទី៣-ឈ្មោះ មឿន ចិន អាយុ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើរងរបួសធ្ងន់ទាំង៣ នាក់ ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងបីនាក់បានជិះលើម៉ាស៊ីនច្រូត ស្រូវដោយដឹកស្រូវ៩ការ៉ុងទៅដាក់លើគោយន្តដែលចតនៅលើទំនប់ ដោយបើកកាត់វាលស្រែដែលមានទឹកតិចៗមកដល់ចំណុចកើតហេតុ ម៉ាស៊ីនច្រូតស្រូវគឺបានបើកកិនពីលើមីនតោនដែលកប់នៅក្នុងដី ស្រែនោះផ្ទុះកក្រើកធរណីនិងបានផ្លោងខ្ទាតទាំងម៉ាស៊ីនច្រូត ស្រូវ និងមនុស្សប្រហែលជា១០ម៉ែត្រពីរណ្តៅគ្រាប់មីនដែលផ្ទុះនោះបណ្តាល ឱ្យអ្នកជិះរបួសធ្ងន់សន្លប់ទាំងបីនាក់ ចំណែកម៉ាស៊ីនច្រូតស្រូវដាច់បីកំណាត់ ។
លោក សេង ឡី ជាមេភូមិភ្នំកុយ បានឲ្យដឹងថា៖គ្រាប់មីនដែលផ្ទុះបណ្តាលឲ្យរបួសមនុស្សទាំង៣ នោះគឺជា ប្រភេទមីនតោនដែលសល់ពីសម័យសង្គ្រាម ។ហើយដីស្រែនោះគឺប្រជាពលរដ្ឋធ្វើស្រែតាំងពីឆ្នាំ២០០៤ មកម្លេះ មិនដែលមានករណី ផ្ទុះគ្រាប់មីនទេ ទើបតែពេលនេះខណៈជនរងគ្រោះបើកម៉ាស៊ីច្រូតស្រូវប៉ះចំមីនតោនផ្ទុះ បណ្តាលឲ្យរងរបួស និងខូច ខាតម៉ាស៊ីច្រូតស្រូវតែម្តង ។ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ហើយមកដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលនេះជនរងគ្រោះទាំង៣នាក់បាន ដឹងខ្លួនឡើងវិញហើយ ។
លោក កែ សុផេង អាយុ ៣២ឆ្នាំត្រូវជាបងប្អួនជីដូនមួយជនរងឈ្មោះ សឹង ពិសី បានឲ្យដឹងថាដីស្រែនោះគាត់ បានធ្វើជាច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាអីទេទើបតែពេលនេះខណៈ ក្មួយគាត់កំពុងបើកម៉ាស៊ីនច្រូតស្រូវក៏ប៉ះចំមីនតោនផ្ទុះ តែសំណាងល្អដែលមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ៕