កំពង់ធំ៖ ជនជាតិចិន៨នាក់ បានលបលួចធ្វើសិប្បកម្មរ៉ែដោយខុសច្បាប់ ត្រូវបាន ក្រសួងរ៉ែថាមពល សហការជាមួយកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្តកំពង់ធំ និងអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី ចុះឃាត់ផ្អាកទីតាំងធ្វើសិប្បកម្ម រ៉ែមាស ក្រោមការសម្របសម្រួលដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្មីកន្លងមកនេះ។
សូមបញ្ជាក់ផងដែរថា ទីតាំងតំបន់ភ្នំជី គឺជាតំបន់រ៉ែមាស ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងជាកន្លែងជាទីប៉ងប្រាថ្នា របស់ក្រុមពួកអ្នកចូលចិត្តវិនិយោគ ដោយប្រើល្បិចកន្ទេលធំបន្លំដេក ដោយ សំអាងលើលិខិតអនុញ្ញាតិស្រាវជ្រាវ រាប់សិបឆ្នាំមកហើយ ចំណែកប្រជាពលរដ្ឋក្រីក្រគ្មានលិខិតអីសំអាង ត្រូវបានចាកចេញដោយសម្រួល ដោយសារគ្មានលទ្ធភាពនាំគ្រឿងចក្រទំនើប មកប្រកបអជីវកម្មរ៉ែ រីឯ ក្រុមហ៊ុនលោតឆ័ត្ររបស់សិន ក៏កាន់តែរីកចម្រើនបន្តការងារស្រាវជ្រាវចង់អស់រ៉ែភ្នំជី។
ជាក់ស្តែង អាជ្ញាធបានសហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបសិប្បកម្មរុករករ៉ែ នៅ៣គោលដៅ នៅតំបន់ភ្នំជី ចាប់តាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះអាវុធហត្ថខេត្ត១៤នាក់ កម្លាំងស្រុក៦នាក់ រថយន្ត៤គ្រឿង សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស, ក្រសួងរ៉ែ និងថាមពល, អភិបាលរងខេត្ត អភិបាលស្រុក នគរបាលខេត្ត ប៉ុស្តិ៍ មេឃុំ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
លទ្ធផលដែលទទួលបាន ឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ ភេទប្រុស នៅតំបន់បរតាពេជ្រ សមត្ថកិច្ចបានរឹបអូស ទី១ ម៉ាស៊ីនភ្លើង៣គ្រឿង ម៉ាក (Nisho) Isokva និង២គ្រឿងទៀត មិនស្គាល់ម៉ាក ទី២ ស៊ីទែនប្រេង Tela ចំណុះ២,០០០លីត្រ ចំនួន១ ទី៣ ឌីណាម៉ូចំនួន៤គ្រឿង (តូច២ ធំ២) ក្បាលកិនថ្មរ៉ែ២, ម៉ាស៊ីនក្រឡុកស៊ីម៉ង់១គ្រឿង ទី៤ អង្គប់កិនថ្ម រ៉ែ៣គ្រឿង, កញ្ច្រែងរែងថ្មរ៉ែ២គ្រឿង, តៅច្រកថ្មរ៉ែ១ ទី៥ ម៉ាស៊ីនភ្លើងតូច១គ្រឿង, ម៉ាស៊ីនស្វានបាញ់ខ្យល់ម៉ាក (kaishan) iso១គ្រឿង, ម៉ាស៊ីនយោងថ្មរ៉ែម៉ាកJd១គ្រឿង, ម៉ូទ័របូមខ្យល់១គ្រឿង, ទុយោបូមទឹក៤ដុំ និងទី៦ ម៉ាស៊ីនខួងថ្មម៉ាក (corteh) ១គ្រឿង។
ចំណែកនៅតំបន់បររាត្រី សមត្ថកិច្ចបានដកហូត ម្សៅសូដា caustic soda ១បាវ ស្មើ២៥គីឡូក្រាម ចំនួន១៦០បាវ, អាស៊ីតទំម្ងន់២៥គីឡូក្រាម ចំនួន៣០បាវ, ម៉ាស៊ីនភ្លើង kw01គ្រឿង, ធុងជ័រចំនួន១២ធុង, ម៉ូទ័របូមទឹក២គ្រឿង, ទុយោជ័រ១ដុំ, ទុយោជ័ររឹង១ដុំ, ទុយោជ័ររឹងខ្មៅ២ដុំ សម្ភារៈទាំងអស់ ត្រូវបានរក្សាទុកកន្លែងមាន សុវត្តិភាព។ ដោយ ប៊ុន រដ្ឋា