ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង០០នាទី ក្រោមការដឹកនាំបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងចំណោមបក្ខពួក០៨នាក់
ពាក់ព័ន្ធករណីឃាតកម្មកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៤០នាទី កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០០-១០១ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។ ជនសង្ស័យមានឈ្មោះ ម៉ុន មុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទាំ្រង ខេត្តតាកែវ និងដកហូតបានម៉ូតូ០២គ្រឿង ដែកបំពង់ទីប០២កំណាត់ ដែលជនសង្ស័យប្រើប្រាស់ក្នុងពេលធ្វើសកម្មភាព ចំណែកឯបក្ខពួកចំនួន០៧នាក់ទៀតបានរត់គេចខ្លួនបាត់។ ជនរងគ្រោះមានចំនួន០២នាក់ រួមមានទី១/ឈ្មោះ ថន សុខថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំបក់ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ
បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ និងទី២/ឈ្មោះ កិល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា(គ្មានរបួស) ដោយបានរត់គេចខ្លួនរួចពីកន្លែងកើតហេតុ។ ករណីខាងលើកើតឡើងដោយសារក្រុមជនសង្ស័យខឹងជនរងគ្រោះ ជិះម៉ូតូរកប៉ះក្រុមខ្លួនហើយបានជិះម៉ូតូដេញវាយតែម្តង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន។




































