ក្រចេះ៖ការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីម្ហូបអាហារនិងសុខភាពប្រជាពលរដ្ឋផ្តោតសំខាន់ទៅលើការបរិភោគម្ហូបអាហារ អគ្គនាយកដ្ឋានកាំកុងត្រូល រួមនិងអាជ្ញាធរខេត្តបានចុះផ្សព្វ ផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទំនិញនានាៗជាច្រើនប្រភេទ ពិសេសការផលិតស្រាស នៅតាមមូលដ្ឋាននិងទំនិញដាក់លក់នៅក្នុងផ្សារស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី១៩ ម្សិលម៉ិញនេះ ។
តាមកាអោយដឹងពីមន្ត្រីជំនាញកាំកុងត្រូលបានអោយដឹងថា បញ្ហាការផលិតស្រាសរបស់សិប្បករនៅក្នុងស្រុកសំបូរ កន្លងមកស្រុកសំបូរឧស្សាហ៍កើតបញ្ហាពុលស្រាស ស្លាប់មនុស្សជាបន្តរបន្ទាប់កាលកន្លងមក ហើយក្រុមការងារអគ្គនាយកដ្ឋានកាំកុងត្រូលចុះប្រមូលជាក់ស្តែង សំណាកស្រាសតាមទីតាំងផលិត មកពិនិត្យជាក់ស្តែងជាមួយនឹងសម្ភារៈ បច្ចេកវិទ្យាចុងក្រោយ រកឃើញថាមិនមានផ្ទុកសារធាតុជាតិមេតាណុល ក្នុងស្រាសទៀតឡើយ ។
លោក ស្រេង សុភាព អភិបាលរងខេត្តបានបញ្ជាក់ថា គោលបំណង់នៃការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យមុខទំនិញនេះ គឺដើម្បីការពារសុខភាព និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នេះជា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយមន្រ្តីជំនាញអប់រំផ្សព្វផ្សាយដល់ពលរដ្ឋសិប្បករ យល់ច្បាស់ពីផលប៉ះពាល់នៃការផលិត និងពិសារស្រាសរ ដែលមានជាតិពុលអេតាណុលខ្ពស់ ។
លោក អភិបាលរងខេត្ត បានថ្លែងអំគុណយ៉ាង ជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានកាំកុងត្រូល ហើយក្នុងនាមអាជ្ញាធរខេត្តរីករាយសហកាជារនិច្ច ដើម្បីសុខភាព និងដើម្បីសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ទាំងមូលផងដែរ ។លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មុនជ្រើសរើសយកផលិតផល ទំនិញអ្វីមួយ ត្រូវពិនិត្យនូវលក្ខណៈវេចខ្ចប់ កាលបរិច្ឆេត ឲ្យបានត្រឹមត្រូវមុន យកទៅប្រើប្រាស់ ដើម្បីធានាគុណភាព និងមិនជៀសវាងប៉ះពាល់ដល់សុខភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូន៕ ដោយ ម៉េង គាង





































