កំពង់ឆ្នាំង៖ កងកាំភ្លើងធំអគ្គមេបញ្ជាការ កំពង់ឆ្នាំង ប្រជាពលរដ្ឋចំនួន៧១គ្រួសារមកពីភូមិដំណាក់អំពិល និងភូមិចំបក់ប្រសាទឃុំក្រាំស្គារ ក្នុងស្រុកទឹកផុស នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៤ បានចូលរួមសម្របសម្រួលដោះស្រាយវិវាទដីធ្លី ជាមួយអង្គភាព បញ្ជាការដ្ឋានកងកាំភ្លើងធំ
អគ្គមេបញ្ជាការ ដែលមានការចូលរួមសម្របម្រួលពី គណៈអភិបាលស្រុកទឹកផុស និងមន្ត្រីជំនាញ ។ ការប្រជុំដោះស្រាយនេះ បានធ្វើឡើងនៅក្រោមផ្ទះប្រជាពលរដ្ឋម្នាក់ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឺកផុស ។ លោក សោម វឺន អភិបាលស្រុកទឹកផុស បានលើកឡើងក្នុងពេលសម្របសម្រួលនោះថា យោងតាមសេចក្តី ជូនដំណឹងលេខ ១៥១២ សជណចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តប្រាក់ សុខុន និង យោងចំណារឯកភាព របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០១១
ដីចំនួន៣០០០ហិកតា នៅចំណុច១០៤ ស្ថិតក្នុងឃុំ ក្រាំងស្គារ ស្រុកទឹកផុស ត្រូវបានប្រគល់អោយ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គមេបញ្ជាការ ដើម្បីធ្វើទីលានបាញ់គ្រាប់ពិត គ្រប់ប្រភេទ។ ប៉ុន្តែក្នុងដីចំនួន៣០០០ហិកតាខាងលើនេះ គឺមានដីស្រែ ចំការប្រជាពលរដ្ឋ ចំនួន៧១គ្រួសារ ស្មើនិង១១៧ហិកតា ស្មើនឹង៧៦ក្បាលដី ដែលកន្លងមកក្រុមនិស្សិត និងមន្ត្រីជំនាញបានវាស់ វែងរួចហើយ។ ក្រោយពេលធ្វើការវាសវែងរួច ថ្នាក់លើមិនទាន់បានចេញបណ្ណ័កម្មសិទ្ធអោយទេ។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការសម្របសម្រួលនៅព្រឹកនេះបានលើកឡើងថា៖
ក្រោយពីមានការវាស់វែងរួចមកខាងកងទព័មិនបានអោយពួកគាត់ចូលទៅធ្វើស្រែចំការនិងរកអុសនៅលើដីរបស់ពួកគាត់ទេ ហើយឮថាកងទ័ពបានព័ទ្ធយកដីពួកគាត់អស់ហើយ ពួកគាត់ទាមទារសុំកាន់កាប់ដីពួកគាត់ទាំងអស់វិញ។ ប្រជាពលរដ្ឋខ្លះថា ដីពួកគាត់សារុបមានចំនួនជាង៩០០ហិកតា តែគេវាស់វែងអោយតេ១១៧ហិកតាប៉ុណ្ណោះ។ លោកឧត្តម្ភសេនីយ៍ទោ នួនវិចិត្រ ជាមេបញ្ជាការរងបញ្ជាការដ្ឋានកងកាំភ្លើងធំអគ្គមេបញ្ជាការដែលបានចូលរួមក្នុងការសម្របសម្រួលនេះ បានបដិសេធន៍រាល់ការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះ ថា
អង្គភាពគាត់មិនបានហាមឃាត់ប្រជាពលរដ្ឋមិនអោយធ្វើស្រែចំការនោះឡើយ។ លោក ម៉េង ហាក់ ប្រធានភូមិបាលស្រុកទឹកផុសបាននិយាយថា៖តាមគោលការរបស់ថ្នាក់លើអោយអាជ្ញាធរនិងជំនាញ ធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋអោយពួកគាត់ជ្រើសដី ដែលស្មើនិងដីចាស់១១៧ហិតារបស់ពួកគាត់ មកប្រមូលផ្តុំនៅជ្រុងណាមួយជាប់ថ្នល់រទេះភ្លើង ដើម្បីអោយមន្ត្រីជំនាញធ្វើកាវាស់វែងកំណត់ព្រំច្បាស់លាស់ដាក់ជូនថ្នាក់លើសម្រេចដើម្បីចេញផ្លង់អោយ។ ព្រោះថាបើគ្មានការដំណោះស្រាយបែបនេះទេ ថ្ងៃក្រោយនៅពេលមានការ
ហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់កងទ័ព និងអាចមានការប៉ះពាលដីធ្លី ដល់អាយុជីវិតនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងដីនេះមិនខានឡើយ។ លោក សោម វឺន គណះអភិបាលស្រុកទឹកផុសបានបញ្ជាក់អោយដឹងថាៈ ការចុះធ្វើការសម្របសម្រួលដោះស្រាយគ្នានៅក្នុងថ្ងៃនេះមិនទទួលលទ្ធផលល្អនោះឡើយ ព្រោះប្រជាពលរដ្ឋគ្មានតំណាងច្បាស់លាស់ក្នុងការនិយាយសំណូមពរ គឺនិយាយស្តាប់គ្នាមិនសូវបាន
។ប៉ុន្តែតាមការឯកភាពរបស់លោកមេបញ្ជាការកងកាំភ្លើងធំ ជាមួយលោក អភិបាលស្រុក គឺអនុញ្ញាតិអោយប្រជាពលរដ្ឋចូលធ្វើស្រែចំការលើដីធ្លីពួកគាត់ដូចធម្មតាមិនហាមឃាត់ឡើយ។ ខាងមុខនេះអាជ្ញាធរស្រុកនិងមន្ត្រីជំនាញ និងចុះធ្វើការស្រាវជ្រាវវាស់វែងដីជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំង៧១គ្រួសារ ហើយនិងហៅពួកគាត់មកធ្វើការសម្របសម្រួលម្តងទៀត ដើម្បីសំរេចតាមគោលការរបស់ថ្នាក់លើ៕