កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាប និងរឹបអូសបានឈើជាង១០០កំណាត់ នៅក្នុងស្រុកកែវសីមា

0

មណ្ឌលគីរី : កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សុខ សាន្ត បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួនពីរកន្លែងផ្សេងគ្នានៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី រឹបអូសបានឈើប្រមាណជាង១០០កំណាត់កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២០ខែមិនាឆ្នាំ២០១៩នេះ ។

បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាគំនរឈើទាំងនោះត្រូវបានក្រុមឈ្មួញដាក់ពង្រាយទុកនៅក្នុងព្រៃចំណុចទីតាំងខាងលើត្រៀមរងចាំឪកាសល្អ និងធ្វើការដឹកជញ្ជូននាំឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងនានានៅក្នុងស្រុកកែវសីមា ។

តាមប្រភពបន្តថាបន្ទាប់ពីទទួលបានព័ត៌មានជាក់លាក់ ថាក្រុមឈ្មួញបានធ្វើសកម្មភាពនិងដឹកជញ្ជូនយកទៅលាក់ទុកនៅចំណុចទីតាំងខាងលើ លោកឧត្តមសេនីយ៍ត្រី សុខ សាន្តក៏បានបញ្ជាផ្ទាល់ដល់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលឈរជើងប្រចាំការនៅក្នុងខេត្តមួយនេះ សហការជាមួយកម្លាំងកងរាជ អាវុធហត្ថខេត្ត បានចុះទៅពិនិត្យជាក់ស្ដែងនិងរកឃើញនិងរឹបអូសបាន ឈើចំនួន១០៧កំណាត់ នៅពីរទីតាំងផ្សេងគ្នាគឺនៅចំណុចភូមិអូរច្រា ឃុំស្រែព្រះ និងចំណុចនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ប្រគល់ជូនមន្ត្រីជំនាញដើម្បីធ្វើកាដឹកជញ្ចូនទៅវាស់វែង។

គួរបញ្ជាក់ថា សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម ក្នុងស្រុកកែវសីមា នៅតែកើតមានឡើងជាហូរហែខណៈមន្ត្រីពាក់ព័ន្ធនៅតាមច្រក ឡាប៉ាខេ ច្រកងាំដី មិនមានការទប់ស្កាត់ និងបើកដៃឲ្យក្រុមឈ្មួញបានធ្វើសកម្មភាពនាំឈើចេញទៅប្រទេស វៀតណាមយ៉ាងគឃ្លើនផ្គើនទៅបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ។