ផ្ទះពលរដ្ឋជាង៣០ខ្នង នៅខេត្តព្រះវិហារ ត្រូវបានវាយបំផ្លាញដោយសារខ្យល់កន្ត្រាក់ ខណៈស្ត្រីម្នាក់ត្រូវបានរន្ទះបាញ់!

0

ព្រះវិហារ៖ ស្រុកចំនួន៤ នៃខេត្តព្រះវិហារ បានរងការខូចខាត ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំភ្លៀងផ្គររន្ទះ ធ្វើ

ឲ្យរបើកដំបូល របើកជញ្ជាំង រលំរាបដល់ដី បាក់ដើមឈើនៅតាមផ្លូវ និងរន្ទះបាញ់មនុស្ស កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៤ ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ មានគ្រោះធម្មជាតិភ្លៀងផ្គរ លាយឡំនិងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប រងការខូចខាត ក្នុងនោះផ្ទះ៦ខ្នងត្រូវរលំទាំងស្រុង និង១៤ខ្នងទៀតរបើកដំបូល របើកជញ្ជាំង និងមានដើមឈើអមសងខាងផ្លូវ ក៏ត្រូវបានរលំផងដែរ។

លោកថា ចំពោះហេតុការណ៍ ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផ្គនេះ បានបណ្តាលឲ្យមនុស្សស្រីម្នាក់រងបួសដោយសាររន្ទះ តែមិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ។

ដោយឡែកស្រុករវៀង ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក៏រងការខូចខាតដូចជារលំទាំងស្រុង និងរបើកដំបូល ដោយសារខ្យល់កន្ត្រាក់នេះផងដែរ។ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងថាតួលេខបឋម មានរលំទាំងស្រុង៣ខ្នង និងរបើកដំបូល១០ខ្នង ដោយសារពេលនេះមេឃកំពុងភ្លៀងខ្លាំង ពុំអាចរាប់ចំនួនឲ្យពិតប្រាកដបានទេ។

ជាមួយគ្នានេះ នៅស្រុកជ័យសែន ផ្ទះប្រជាពលរដ្ឋ១ខ្នង ក៏ត្រូវបានរងការខូចខាត ដោយខ្យល់កន្ត្រាក់វាយផ្តួលរំលំទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ថា កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គ្រោះធម្មជាតិភ្លៀងផ្គររន្ទះ ក៏បានធ្វើឲ្យផ្ទះរបបគំរូសម្តេចតេជោជូនគ្រួសាកងទព័ចំនួន៤ខ្នងរងការខូចខាត។ ក្នុងនោះផ្ន្ទះលោកវរសេនីយ៍ត្រី កែវ សាវិន ១ខ្នងបាក់រលំដល់ដី របើកដំបូលក្បឿងចំនួន៣ខ្នង ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា