ផ្ទះពលរដ្ឋ២៦ខ្នង ដួលរលំនិងប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ភ្លៀងកក់ខែនៅស្រុកកំពង់ស្វាយ

0

កំពង់ធំ÷ គ្រោះមហន្តរាយបង្កឡើងដោយខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងកក់ខែ កាលពីវេលា ម៉ោង២២ និង៣០នាទីយប់ ថ្ងៃសៅរ៍ ០៣រោចខែផល្គុនឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមីនា គ.ស ២០១៩ បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន២៦ខ្នងប៉ះពាលនិងដួលរលំ។

ប្រភពបានរាយការណ៍ថា៖ករណីភ្លៀងធ្លាក់ដែលលាយឡំផ្គរន្ទះនិងខ្យល់កន្រ្តាក់គឺបណ្តាលឲ្យរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនិងដំណាំផ្សេងៗទៀតនៅភូមិ៍ចំនួន០២គឺភូមិ នីពេជ្រ(ក) និងភូមិដូនឈូក ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
អាជ្ញធរមូលដ្ឋានបានបញ្ជាក់ប្រាប់ថា
ផ្ទះរលំទាំងស្រុងមានចំនួន០៧ខ្នង
របើកដំបូលផ្ទះចំនួន១៧ខ្នង និង
ទ្រេតផ្ទះចំនួន០២ខ្នង ។

គួរបញ្ជាក់ផងដែរថាករណីនេះពុំមានប៉ះពាល់ដល់អាយុជីវិតនិងរបួសស្នាមដល់មនុស្ស សត្វនោះទេហើយក៏ជាលើកទីមួយហើយសម្រាប់ខេត្តកំពង់ធំដែលមានគ្រោះមហន្តរាយដោយធម្មជាតិនៅក្នុងឆ្នាំ ២០១៩ នេះ។