ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើល ឲ្យប្រជាពលរដ្ឋនាំគ្នាមក ចោមរោមមើលកូនជ្រូក ចម្លែកមួយក្បាល ខណៈពេលដែលកើតមកមានរូបរាង ជាកូនជ្រូកតែមានក្បាលដុះប្រម៉ោយដូចកូនដំរី បង្ករឲ្យមានប្រជាពលរដ្ឋ នាំគ្នានាំយកធូកទាន ផ្កា ព្រមទាំងលុយមក បន់ស្រន់ថាអ្នកមានបុណ្យមកចាប់ជាតិ។ ហេតុការណ៍នេះ បានកើតឡើងនៅផ្ទះរបស់លោក និត បារាំង ជាម្ចាស់ជ្រូក រស់នៅភូមិ ពង្ររ ឃុំអង្គរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប តាមការឲ្យដឹងពីលោក និត បារាំង បានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែ កក្ដដា ឆ្នាំ ២០១៤ ក្នុងរាត្រីដ៏សែនលក់ស្ងប់ស្កល់ ភរិយាជាទី
ស្រឡាញ់របស់ លោកពូ និត បានសុបិន្តមានពន្លឺចែងចាំង ចុះមកពីឋានសួគ៌ា បានចុះមកចំដំបូលផ្ទះរបស់គាត់ ក្រោយមក ប្រពន្ឋរបស់គាត់ក៏បានភ្ញាក់ដឹងខ្លួនទាំងភាព ភ័យរន្ធត់ បង្កប់នូវភាពអាថកំបាំង លុះព្រលឹមស្រាងៗ ដល់ពេលដែលត្រូវរៀបចំម្ហូបអាហារឲ្យកូនចៅពិសារ ពេលព្រឹករួចរាល់ហើយ ក៏បាននាំយកចំណីដែលនៅសេសសល់ ទៅឲ្យមេជ្រូក ដែលកំពុងតែស្រែកនៅក្នុង ទ្រុង ភ្លាមនោះប្រពន្ឋរបស់គាត់ក៏បាន
ប្រទះឃើញកូនជ្រូក ចម្លែកមួយក្បាល ដែលមានភាពមិនប្រកតី បានស្លាប់នៅនឹងដី ។ ក្រោយមកក៏មានការនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ ក៏មានប្រជាពលរដ្ឋជាច្រើននាក់ មកចោមរោម មើលកូនជ្រូកចម្លែកនេះ ដែលត្រូវបានគេយកមកដាក់ លើថាស់ក្រាសក្រដាស់សរ ក្នុងនោះក៏មានក៏មាន កាបន់ស្រន់សុំសេចក្តីសុខ ខ្លះនាំគ្នាកាត់ទៅជាលេខឆ្នោត តាមការជឿរបស់ម្នាក់ៗ ។
ដោយ ប៊ុត សាម និង អ៊ឹម អឿង