ពលរដ្ឋខ្មែរ៤នាក់ ត្រូវបានអាជ្ញាធរថៃ ប្រគល់មកកម្ពុជាវិញ ក្រោយជាប់ទោស២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់ និងចូលកាប់ឈើគ្រញូង

0

(ព្រះវិហារ)៖ ប្រជាពលរដ្ឋខ្មែរ ចំនួន៤នាក់ បន្ទាប់ពីជាប់ឃុំឃាំង អស់រយៈពេល២ឆ្នាំ ក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរប្រទេសថៃ ធ្វើការបញ្ជូនខ្លួនមកឲ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។

អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ទោ ឱ សេង បានឲ្យដឹងថា នៅវេលាម៉ោង១ និង០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរថៃ បានបញ្ជូនខ្លួនពលរដ្ឋខ្មែរ៤នាក់ ដែលជាប់ឃុំឃាំង ក្នុងខេត្តអ៊ូ ប៊ុន មកឲ្យលោកអនុសេនីយ៍ឯក អ៊ុយ ស៊ីថា អនុប្រធានក្រុមទំនាក់ទំនង ច្រកតំបន់អានសេះ។

លោក ឱ សេង បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរទាំង៤នេះ ទី១ ឈ្មោះ សួន សៀន ភេទប្រុស អាយុ១៩ឆ្នាំ ទី២ ឈ្មោះ ឌិន ថេង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរនេះ រស់នៅភូមិរលំថ្ម ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី៣ ឈ្មោះ តុប ហៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី៤ ឈ្មោះ ពៅ ភា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរទាំង៤នាក់នេះ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រ ស្រុកណាំយឺន ខេត្តអ៊ូប៊ុន ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ តាមច្រកមុំ៣។

លោកថាក្រោយពីបានធ្វើការអប់រំរួច សមត្ថកិច្ចបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯងផងដែរ៕សួនលីណា