លោកឧត្តមសេនីយ៍ ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង “ង៧០” ប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយក​ដីព្រៃក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” យ៉ាងអនាធិបតេយ្យ

0

ខេត្តព្រះសីហនុ-ប្រភពពីប្រជាពលរដ្ឋស្រុកព្រៃនប់ បានលើកឡើងថា ដីព្រៃក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” ទំហំរាប់រយហិកតាស្ថិតក្នុងភូមិសាស្ត្រឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ត្រូវបានលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង “ង៧០” ជាខែលប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយក​ដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញម្តងណាឡើយ។

ប្រភពដដែលបានបន្តឱ្យដឹងថា ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ថន វីរៈ ដោយយកលេសថាជាបន្ទាយរបស់កងទ័ពបានធ្វើសកម្មភាពហាមប្រាមប្រជាពលរដ្ឋមិនឱ្យចូលទៅទីនោះ រីឯក្រុមខ្លួនលបទន្ទ្រានយកដីព្រៃរបស់រដ្ឋបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។សកម្មភាពខាងលើនេះ ត្រូវបានមហាជនលើកឡើងថា លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងប្រើល្បិចកលឆ្ពិនភ្នែករបាយការណ៍ភូតកុហកថ្នាក់លើក្នុងបរិបទ “កន្ទេលធំបន្លំដេក” ចង់​កេងចំណេញ និងចង់​បន្លំ​ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិដោយផ្ទាល់ និងដោយប្រយោលរបស់លោក ថន វីរៈ ដោយសារតែការគ្រប់គ្រង និងការប្រើ​សិទ្ធិ​ក្នុងការ​សម្រេច​ដោយបុគ្គល​ក្នុងស្ថាប័ន​មានអំណាច​ធំ​ពេក និងការកំណត់​ព្រំដែន​នៃ​អំណាច​មិន​ច្បាស់លាស់ និង​គ្មាន​ការត្រួតពិនិត្យ​លើ​ការប្រើ​អំណាច​ និង​សិទ្ធិ​ផង​នោះនាំឱ្យ​លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ អាច​ប្រើប្រាស់​អំណាច និងសិទ្ធិ​របស់ខ្លួន​ហួស​ព្រំដែន និងមានបំណងចង់​ធ្វើ​អ្វីមួយ​តាម​ទំនើងចិត្ត​របស់ខ្លួន​។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” ជាដីសាធារណៈរបស់រដ្ឋ គ្មានជនណាម្នាក់មានសិទ្ធិរុករានទន្ទ្រានកាន់កាប់ និងទិញ-លក់ដីរដ្ឋឡើយ ទោះបីជាមានការបញ្ជាក់ពីមេឃុំ ឬចៅហ្វាយស្រុកក៏ដោយ។ ការលើកឡើងដូច្នេះ ក្រោយពីមានចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចនៅតែបន្តកើតមាន ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។

លោក លិន សារិន មេឃុំ​រាម បាន​ឱ្យ “ពុទ្ធិខ្មែរ” ដឹង​ថា​ទាក់ទង​ករណី​ខាងលើនេះ​លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយក៏​មិន​ហ៊ាន​ជាមួយ លោក ថន វីរៈ ដែរ​។ បើសិនជា​ចង់​ដឹង​រឿង​នេះ​ច្បាស់ គឺមាន​តែ​លោក​អភិបាល​ស្រុក​ព្រៃនប់ និង ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ​ តែប៉ុណ្ណោះ​។​

ទាក់ទិន​នឹង​ករណី​នេះ កាសែត និង​គេហទំព័រ “​ពុទ្ធិ​ខ្មែរ​” បាន​ធ្វើការ​ទាក់ទង​ទៅ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ហៅចូល​តាម​ទូរស័ព្ទ​
​តែ​មិន​មាន​អ្នក​ទទួល​នោះ​ទេ​។ “​ពុទ្ធិ​ខ្មែរ​” មិនអាច​សុំ​ការបំភ្លឺ​ពីលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ ទេ​នៅ​ថ្ងៃនេះ​ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ធ្វើការ​ទាក់ទង​។

សូមរម្លឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាតមិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ពចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះមានតែមន្រ្តីយុត្តិធម៌ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ។

ជាមួយគ្នានេះ មាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំង កងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ។

សូមជម្រាបថា ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” មាន​ទីតាំង​ស្ថិតនៅ​ទិស​និរតី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅចន្លោះរវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង​មាន​ចម្ងាយ​ប្រមាណ ១៩៤​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៤​។

​ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” ស្ថិត​នៅក្នុង​ស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ឃុំ​អូរ​ឧ​កញ្ញ៉ា ហេង ដែល​ស្ថិតនៅ​ជាប់​ជួរ​ភ្នំ​។ ខាងកើត​ជាប់​ឃុំ​បត់​ត្រង់ ភូមិ​អុង ក្នុង​ឃុំ​រាម និង​ឈូង​សមុទ្រ​ថៃ​។ ខាងលិច​ជាប់​នឹង​ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ​ ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​។

​ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” មាន​ផ្ទៃដី ២១.០០០​ហិកតា​នេះ​ក្រៅ​ពី​នៅ​ជាប់​មាត់សមុទ្រ ក៏​ស្ថិត​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ដោយ​ប្ដោយប្រជុំភ្នំនៅតំបន់ទាំងនោះស្ថិត​នៅរាយប៉ាយ​ពេញ​តំបន់ហើយ​មាន​រយៈកម្ពស់​ប្រែប្រួល​ពី ៥០​ម៉ែត្រ ដល់ ២៨៤ម៉ែត្រ​ ដោយ​មាន​ភ្នំ​តូច ធំ និង​កោះ​ចំនួន ២ គឺ​កោះ​ថ្មី និង​កោះសេះ​។ឧទ្យាន​ជាតិ​ព្រះសីហនុ​ “រាម” ​បាន​បើក​នៅ​ថ្ងៃទី​០១​ ​ខែវិច្ឆិកា​ ​ឆ្នាំ១៩៩៣​ ​ដែល​មានទំហំផ្ទៃ​ដី​សរុប ២១.០០០​ហិកតា​ ​ដែល​ក្នុង​នោះ​ ​១៥.០០០​ហិកតា​ ​ជា​ដីគោក​តាម​ឆ្នេរសមុទ្រ​ ​និង​ ​៦.០០០​ហិកតា​ជា​ផ្ទៃ​ទឹកសមុទ្រ​៕