ឯកឧត្ដម ហ៊ុន ណេង អញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ០៧គ្រួសារ នៅស្រុកស្ទឹងត្រង់

0

កំពង់ចាម : ដើម្បី រួមចំណែកសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ផ្អែកតាមគោលការណ៍មនុស្សធម៌កាកបាទក្រហម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម ប៉ុង យេន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ចំនួន ០៧គ្រួសារ នៅស្រុកស្ទឹងត្រង់ ។
ជាមួយនឹងការលើកឡើង នូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម ហ៊ុន ណេង បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ពីព្រោះថា ពេលនេះកម្លាំងញើសឈាមរបស់បងប្អូនដែលខិតខំប្រឹងប្រែង អស់ពាក់កណ្ដាលជីវិតមក ត្រូវបានបំផ្លាញដោយសារតែឥទ្ធិពលភ្លើង ក្នុងរយៈពេលតែមួយពព្រិចប៉ុណ្ណោះ ។ ឯកឧត្ដមប្រធានកិត្តិយសសាខា ក៏បានលើកទឹកចិត្តដល់ពលរដ្ឋរងគ្រោះទាំងអស់ សូមកុំអស់សង្ឃឹមឲ្យសោះ ព្រោះយើងនៅមានជីវិតនៅឡើយ ។ អញ្ចឹងទេ យើងនៅមានលទ្ធភាពរកទទួលទានបន្តទៅទៀត ដើម្បី ស្ដារជីវភាពសេដ្ឋកិច្ចគ្រួសារ សាជាថ្មីឡើងវិញ ។ ឯកឧត្ដម លើកឡើងថា ពាក្យចាស់ ពោលថា ៖ «ស៊ូស្លាប់បា កុំឲ្យសផ្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ» ។ យ៉ាងណាម៉ិញ ខណៈនេះ បងប្អូនពុំមានអ្វីនៅសេសសល់ឡើយ ទើបឯកឧត្ដម និងក្រុមការងារ បាននាំនូវអំណោយសង្គ្រោះបន្ទាន់ ជាគ្រឿងឧបភោគ បរិភោគ របស់សម្ដេចកិត្តិព្រឹទ្ធ ដើម្បី ចែកជូនបងប្អូនទាំង ៧គ្រួសារ ដែលក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម តង់កៅស៊ូ ១ មុង ១ ឃីត ១កញ្ចប់ និងថវិកា ១លានរៀល ។ ដើម្បី ជួយសម្រាលបន្ទុក ដល់បងប្អូន បានមួយគ្រា ក្នុងការដោះស្រាយជីវភាព ខណៈពេលដែល កំពុងជួបអាសន្នអន់ក្រនោះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៥.២០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន ៧គ្រួសារ នៅចំណុចភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្ដាលឲ្យឆេះផ្ទះ ខូចខាតអស់ទាំងស្រុង ចំនួន ៧ខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិ ជាច្រើនទៀត ។ តាមការសន្និដ្ឋាន ករណីអគ្គិសភ័យនេះ ដោយសារផ្ទុះកំប៉ុហ្គាស់ ពេលកំពុងដាំបាយ ។ ទន្ទឹមជាមួយនោះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ប្រមាណជា ២០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនឲ្យឆាបឆេះ ទៅលំនៅដ្ឋានផ្សេងៗទៀត ។
ដោយឡែក ឆ្លៀតក្នុងឱកាសថ្ងៃដដែលនោះដែរ ឯកឧត្ដម ហ៊ុន ណេង និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យ តំបូលព្រះវិហារ ដែលក្រុមជាងកំពុងដំណើរការជួសជុលឡើងវិញ ស្ថិតនៅក្នុងវត្តទួលរកា ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដេីម្បី ចូលរួម បច្ច័យ សម្រាប់ ធ្វើការ ជួសជុល ឡើង វិញ ផង ដែរ ៕