ខេត្តបន្ទាយមានជ័យះ ,..ជនសង្ស័យម្នាក់រូបរាងស្អាតបាតនិងគេដែរតែចិត្តសាហាវជាងសត្វខ្លាទៅទៀតមួយថ្ងៃៗមិនគិតរកសុីចិញ្ចឹមប្រពន្ធកូននោះទេគិតតែពីដើរជក់គ្រឿងញៀនពេលត្រឡប់មកដល់ផ្ទះវិញរករឿងប្រពន្ធមិនឈប់ឈានដល់ចង់សម្លាប់ប្រពន្្ធចោលទៀតដោយទ្រាំងនិងការធ្វើបាបពីប្តីខ្លាំងពេកមិនបានក៏រត់ទៅប្តឹងអាវុធហត្ថក្រុងប៉ោយប៉ែតក្រោយពីទទួលបានពាក្យបណ្តឹងហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង
ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ នៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៨ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យហើយក៏ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿន ណាក់ ភេទ ស្រី អាយុ ៣៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ឈ្មោះឃួន ហាន ភេទ ប្រុស អាយុ ៣៨ឆ្នាំ គ្រួសារនេះរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ទោ ព្រហ្ម ថេងបានបញ្ជាក់ឲ្យដឹងទៀតថាតាមការរៀបរាប់របស់ប្រពន្ធថាប្តីរបស់ខ្លួនជាមនុស្សញៀនគ្រឿងញៀនជារៀងរាល់ថ្ងៃឲ្យតែខ្លួនមកពីធ្វើការតែងតែរករឿងមិនចេះឈប់។នៅមុនពេលកើតហេតុនោះខ្លួនបានត្រឡប់មកពីធ្វើការវិញ ស្រាប់តែរករឿងឈ្លោះហើយបាន
ប្រើហឹង្សាមកលើខ្លួន និងបានយកកាំបិតផ្គាក់មកគម្រាមសម្លាប់ទៀតផងរហូតដល់ខ្លួនមិនហ៊ាននៅផ្ទះ ព្រោះខ្លាចប្តីសម្លាប់តាមការគម្រាមក៏រត់មកដាក់ពាក្យប្តឹងតែម្តង។ចំណែជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាចង់សម្លាប់ប្រពន្ធពិតប្រាកដមែន ដោយសារតែខ្លួនខឹងប្រពន្ធទៅធ្វើការយូរពេកត្រឡប់មកផ្ទះយឺតពេល ។លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថាផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕




































