ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ផ្តល់អំណោយដល់គ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ១០ 

0

កំពង់ធំ៖ ឯកឧត្តមឧត្ដមសេនីយ៍ ទោ សោម  ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានយកចិត្តទុក ដាក់លើក្រុមគ្រួសារអតីតយុទ្ធជន គ្រប់រូប មិនថាអតីតយុទ្ធជនពិការ អតីតយុទ្ធជនពលី ឬអតិតយុទ្ធជនចូលសោធននិវត្ត រួមទាំងប្រជាពលរដ្ឋ ដែលក្រខ្សត់មានជីវភាពក្រីក្រ ជួបលំបាក់ ដែលរស់នៅក្នុងខេត្តកំពង់ធំ  គ្រប់ទិសទី គឺសុទ្ធតែត្រូវបាន មើលថែយ៉ាងល្អ  ដែលជាការតបស្នងសងគុណដល់អតីតយុទ្ធជនគុណបំណាច់លើប្រទេសជាតិកន្លងមក។

ជាក់ស្តែង នៅរសៀលថ្ងៃអាទិត្យទី  ៣១ខែមីនា  ឆ្នាំ២០១៩  គ្រួសារអតីតយុទ្ធជនពិការ និងពលីចំនួន ១០  ត្រូវបានដោះស្រាយជាបន្ទាន់ ខណៈពេលដែលពួកគាត់កំពុងតែជួបនឹងការលំបាក ដែលបានដឹកនាំដោយ   ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន រួមទាំងក្រុមការងារ  ចុះសួរសុខទុក្ខ អតីតយុទ្ធជន ដែលជួបការលំបាកខ្វះខាត  រស់នៅស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ   ។

ឯកឧត្តម  ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បន្ទាប់ពីបានទទួល ព័ត៌មាន ពីគណកម្មាធិការសមាគមអតីតយុទ្ធជន  ស្រុកប្រាសាទបល្ល័ង្ក  អំពីស្ថានភាពជីវភាពខ្វះខាត របស់ បងប្អូនអតីតយុទ្ធជន ក៏បាននាំយកអំណោយ ផ្តល់ជូន គ្រួសារយុទ្ធជនពលី  និងពិការ ចំនួន១០គ្រួសារ ក្នុង មួយគ្រួសារ ទទួលបានការ ឧបត្ថម្ភ អង្ករ ចំនួន ២៥គីឡូក្រាម  មីយើងចំនួន១កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ   ។

ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ  ពីសំណាក់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ដែលជានិច្ច ជាកាល សម្តេចតែងតែយកចិត្តដាក់ និងសុខទុក្ខ ជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងជម្រុញឲ្យ សមាគមខេត្តកំពង់ធំ សាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនយើង ដែលមានជម្រកស្នាក់នៅមិនសមរម្យ  និងមានដី ហើយគ្មានផ្ទះ  បច្ចុប្បន្ននៅខេត្តកំពង់ធំ បានសាងសង់ផ្ទះរួចរាល់ និងបានប្រគល់ជូនបងប្អូនអតីតយុទ្ធជន ចំនួន ១១៤ខ្នងផ្ទះរួចមកហើយ  និងកំពុងតែសាងសង់ផ្ទះចំនួន១០ ខ្នងបន្ថែមទៀតជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ។

ដោយ  ប៊ុន រដ្ឋា