ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានធ្វើការឃាត់ខ្លួនបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ លើករណីដែលបុរសនោះនាំយកសារធាតុញៀនពីប្រទេសឡាវចូលមកកម្ពុជា ។ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការឃាត់ខ្លួនបុរសខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១២ និង៥០នាទី ក្ក្នុងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។
ក្រោយការឃាត់ខ្លួនបុរសជនជាតិបរទេសដែលនាំយកសារធាតុញៀនឆ្លងដែននោះកម្លាំងមានសមត្ថកិច្ចនៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ក៏បានបញ្ជូនខ្លួនបុរសនោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងផងដែរ ។សមត្ថកិច្ចបានឲ្យដឹងថា:ជាបរទេសខាងលើនេះ មានឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំសញ្ជាតិ ឥណ្ឌូនេស៊ី ។
ដោយមានការសង្ស័យសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរត្រង់ចំនុចត្រួតពិនិត្យ ចេញ–ចូលប្រទេស ក៏បានរកឃើញ ម្សៅក្រាមពណ៌សថ្លា(ICE) ច្រកក្នុងកញ្ចប់នំគ្រប់ប្រភេទ និងក្នុងកញ្ចប់កាហ្វេ កញ្ចប់ប្រដាប់ប្រដាក្មេងលេង ភ្លាមនោះសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ សង្ស័យថាជាសារធាតុញៀន ក៏បានសហការជាមួយកម្លាំងសមត្ថកិច្ច (BLO) អន្តរជាតិ។
ត្រពាំងក្រៀល ឲ្យមកត្រួតពិនិត្យ ដោយសមត្ថកិច្ចសន្និដ្ឋានថាពិតជាសារធាតុញៀននោះ ក៏បានបញ្ជូនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ី មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើកំណត់ហេតុទៅតាមនីតិវិធី បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការតាមដាននិងស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តស្ទឹងត្រែង ដើម្បីស្វែងរកបក្ខពួកជាអ្នកនៅពីក្រោយខ្នងនៃការជួញដូរគ្រឿងញៀននេះ ។សូមជម្រាបថា ចំណាត់ការយ៉ាងណានោះយើងនៅមិនទាន់ដឹងនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីរបស់ខ្លួនក្នុងការស្វែងរកមេខ្លោងធំនៅពីក្រោយនៃការជួញដូរ ៕ ម៉ាវិន





































