កំពង់ធំ៖ អគ្គីភ័យបានលេបត្របាក់ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ដោយឆេះគ្មានសល់អ្វីបន្តិចឡើយ ដោយសារតែ ទុស្សេផ្ទាំងសូឡា បណ្តាលឲ្យបង្ករជាអគ្គីភ័យឲ្យឆេះផ្ទះទាំងស្រុង កាលពីវេលាម៉ោង ៦,៣០ នាទី ព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិបឹងលាស សង្កាត់អូរគន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការី ចុះសួរសុខទុក្ខ ក្រុមគ្រួសារ ដែលត្រូវបានអគ្គីភ័យ ឆាបឆេះផ្ទះ មួយខ្នងដែលមាន ទំហំ៥ម៉ែត្រ x ៧ ម៉ែត្រ សាងសង់ពីឈើជញ្ជាំងក្តារ ប្រក់ស័ង្កសី ត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ គឺបណ្តាលមកពីទុស្សេ ផ្ទាំងសូឡា ដែលបងប្អូនប្រជាពលរដ្ឋ និយមដាក់ លើដំបូលផ្ទះ ដើម្បីប្រើប្រាស់ជា ភ្លើងអគ្គិសនីយ៍ប្រចាំថ្ងៃ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្តែងនូវការសោកស្តាយ និងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ ដែលបានបាត់បង់ ទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យ ដែលពាក្យចាស់លោកថា (សូវលិចទូកកណ្តាលទន្លេរ កុំឲ្យតែភ្លើងឆេះផ្ទះ ) គ្រួសាររងគ្រោះ ឈ្មោះ វួន វឿន អាយុ ៣២ ឆ្នំានិង ភរិយាឈ្មោះ ឡាំ ង សុខជា អាយុ ៣០ មានកូននៅក្នុងបន្ទុកចំនួន ២នាក់ រស់នៅក្នុង ភូមិឃុំកើតហេតុ ។
នៅក្នុងឳកាសចុះសំណេះសំណាល សួរសុខទុក្ខនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជួយដោះស្រាយ លំបាកចំពោះមុខ បានផ្តល់ជូននូវ អង្ករចំនួន ៥០ គីឡូក្រាម មីយើងចំនួន២ កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន២យួរ និងថវិកាមួយចំនួន នៅ ល្ងាចថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៩ ក្នុងនោះឯកឧត្តម សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក៏សូមផ្តាំផ្ញើរឲ្យបងប្អូន ប្រជាពលរដ្ឋ បង្កើនការប្រុង ប្រយ័ត្នក្នុងរដូវក្តៅនេះ ទៅលើការកើតអគ្គីភ័យកើតឡើង និងបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកប មុខរបរធ្វើស្រែចំការ ប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលចេញទៅទីវាលលំហរ អាចនិងមានភ្លៀងផ្គររន្ទះ សូមរងកន្លែងសុវត្តិភាព មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ ឬគ្រឿងអីឡិចទ្រូនិចនៅពេលមានភ្លៀងជាដាច់ខាត។
ដោយ ប៊ុន រដ្ឋា





































