កំពង់ចាម អំពើបាញ់ប្រហារបានកើតឡើងទាំងកណ្តាលយប់ថ្ងៃទី ៣០-៣១ មីនា ២០១៩ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូដេញបាញ់រះ ទៅលើបុរសចំនួនពីរនាក់កំពុងជិះម៉ូតូមួយគ្រឿងនៅផ្លូវក្បែររង្វង់មូលនាងគង្ហីង ក្រុងកំពង់ចាមបានបណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងរងរបួសម្នាក់។
លោកអនុសេនីយ៍ឯក ឡុង វុទ្ធី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាមបានឲ្យដឹងនៅព្រឹកថ្ងៃទី ៣១ មីនាថា ជនរងគ្រោះដែលបានស្លាប់ពេលបញ្ជួនទៅសង្រ្គោះនៅភ្នំពេញនោះឈ្មោះ ឡុង ប៊ុនលាង អាយុ ៣៤ ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតដែលរងរបួសត្រគាកខាងស្តាំចំនួនមួយគ្រាប់ឈ្មោះ ឆុន ចិន្តា អាយុ ២៣ ឆ្នាំ។ ជនរងគ្រោះទាំងពីរមានទីលំនៅភូមិគគរ ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្រ្តីអាវុធហត្ថរូបនេះឲ្យដឹងទៀតថា ហេតុការណ៍បាញ់បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនេះបានកើតឡើងនៅលើដងផ្លូវសិ្ថតចំនុចខាងហាងខារ៉ាកាយីហោ«គ្រួសារ»ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ មកដល់ពេលនេះខាងសមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្ថសញ្ញាណជនដៃដល់ ដោយនៅមិនបានកំណត់បានមុខសញ្ញានោះ។
លោកមេបញ្ជាការរងបានបន្តថា ដោយគ្រាន់តែបានទទួលព័ត៌មានតាមរយ:សាក្សីជនរងគ្រោះដែត្រូវរបួស និងការពិនិត្យក្នុងកាមរ៉ាសុវត្ថិភាពបញ្ជាក់ថា ជនសង្ស័យបុរសម្នាក់ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ជិះម៉តូម៉ាកស៊ុមរមើលមិនច្បាស់ស្លាកលេខ បានបាញ់រះមកលើម៉ូតូមួយគ្រឿងទៀតរបស់ជនរងគ្រោះពីរនាក់ដែលម្នាក់ស្លាប់ និងម្នាក់រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។ ករណីនេះអ្នកបាញ់ទំនងជាអាជីព គឺអាចបាញ់ដៃឆ្វេង និងដៃខាងស្តាំបើកបរម៉ូតូ។
លោក ឆុន ចិន្តា ជាអ្នករបួសបានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចនៅក្នុងមន្ទីរពេទ្យក្រោយពីចេញពីបន្ទប់សង្រ្គោះបន្ទាន់នៅព្រឹកថ្ងៃទី ៣១ មីនាថា ក្បាលគ្រាប់របស់ខ្មាន់កាំភ្លើងបានបាញ់មកលើលោកនោះខាងគ្រូពេទ្យនៅមិនទាន់បានចេញបានទេ គឺរង់ចាំជាសះមុខរបួសទើបវះកាត់យកបាន។ ប៉ុន្តែលោកមានស្មារតីធម្មតា និងនៅចងចាំហេតុការណ៍នោះ។
ជនរងគ្រោះបានឲ្យដឹងថា នៅមុខជួបគ្រោះថ្នាក់ជនមិនស្គាល់មុខជិះម៉ូតូតាមបាញ់នេះ ខាងលោកមានគ្នាជាមិត្តភក្តី និងបងប្អូនមានពី ប្រាំបី ទៅប្រាំបួននាក់បានជួបជុំផឹកស្រាប៊ៀរនៅផ្ទះមេជាងទង(ជាងមាស)ទីលំនៅខាងលើដល់ម៉ោងប្រហែល១១យប់ថ្ងៃទី ៣០ មីនា។ ក្នុងនោះមិនមានបង្កជម្លោះ អ្វីទេ ហើយលោក និងជនរងគ្រោះម្នាក់ទៀតដែលស្លាប់ លោក ឡុង ប៊ុនលាង បានបបួលគ្នាជិះម៉ូតូមកហូបបបរសនៅគល់ស្ពានគីហ្ស៊ូណា ក្រុងកំពង់ចាម។
លោក ចិន្តា បានបន្តថា ខាងលោកបានធ្វើដំណើរតាមម៉ូតូមួយគ្រឿងពីរនាក់ ដោយលោកជានាក់បើកបរ។ ធ្វើដំណើរឃ្លាតពីរង្វង់មូលនាងគង្ហីងចម្ងាយ១០០ ម៉ែត្រ គឺបានវ៉ាម៉ូតូពណ៌ក្រហមម៉ាកស៊ុម័រជិះម្នាក់ឯងមួយគ្រឿង បានប្រហែល១០ ម៉ែត្រក៏ឭសំឡេងកាំភ្លើងបាញ់ពីក្រោយពី បួន ទៅ ប្រាំ គ្រាប់ ហើយក៏បានដឹងថា ត្រូវគេបាញ់ត្រូវនឹងគ្រាប់កាំភ្លើង គឺបានបន្ថែមល្បឿនបើករេចង្កូតទៅឆ្វេង ទៅស្តាំ។ ប៉ុន្តែបានប្រហែលជាង១០០ម៉ែត្រ លោក ឡុង ប៊ុនលាង បានត្រូវរបួសច្រើនគ្រាប់ ក៏លោកឈប់។ ចំណែកខ្មាន់កាំភ្លើងបើកម៉ូតូត្រឡប់ក្រោយបាត់ទៅ ហើយលោកបានទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមគ្រួសារ និងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍៕




































