សកម្មភាពគ្រឿងចក្រចុះទៅជីកកោះកាយដីបឹងឈូក ក្នុងស្រុកកំពង់ត្រាច ហាក់មានគោលការណ៍ពុំច្បាស់លាស់ អភិបាលរងស្រុកថាឲ្យកាយ ឯអភិបាលស្រុកកំពង់ត្រាចបាន បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់

0

(ខេត្តកំពត) សកម្មភាពយកគ្រឿងចក្រទៅជីកកកាយដីបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ត្រូវមហាជនលើកឡើងថា ជាសកម្មភាពមិនច្បាស់លាស់ ព្រោះមិនឃើញមានផ្នែកជំនាញពាក់ព័ន្ធណាម្នាក់មកចូលរួមនោះឡើយ ដោយគ្រាន់តែអនុវត្តតាមបញ្ជារបស់លោក ង៉ែត សុផល អភិបាលរងស្រុកប៉ុណ្ណោះ ហើយសកម្មភាពនេះក៏ត្រូវបានផ្អាកសកម្មភាពនៅព្រឹកថ្ងៃដ៍ដែល ខណៈមានបទបញ្ជារបស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច។ ចំពោះការយកគ្រឿងចក្រមកជីកកាយស្តារបឹងឈូកនេះ តាមប្រភពពីមហាជនបានលើកឡើងថា តាមការពិតការស្តារបឹងគឺជារឿងមួយដែលពួកគាត់ចង់បានបំផុត ប៉ុន្តែគ្រាន់តែសកម្មភាពនេះពុំបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ពោលគឺពេលគ្រឿងចក្រមកជីកកកាយ ពុំឃើញមានអាជ្ញាធរ ឬជំនាញណាម្នាក់មកវាស់វែងកំណត់ទីតាំងជាក់លាក់ ដើម្បីឲ្យគ្រឿងចក្រជីកឡើយ។ម្យ៉ាងទៀតបង្គោលដែលជនខិលខូចបោះចូលក្នុងដីបឹងឈូកទាំងប៉ុន្មាន ក៏ពុំបានដកចេញនៅឡើយ មើលទៅហាក់ដូចជាស្ថិតក្នុងពិភពអាថិ៍កំបាំងតែដដែល។ប្រភពជឿជាក់បានទម្លាយផងដែរថា ចំណុចដីបឹងឈូកដែលគេកំពុងជីកនេះ កន្លងមានជនខិលខូច និងមន្ត្រីអន្ទ្រើសៗពីរ បី នាក់ក្នុងស្រុកកំពង់ត្រាចបានឃុបឃិតគ្នា បំណងក្រសោបយកធ្វើជាកម្មសិទ្ធិផ្តាច់មុខ ដោយតម្រូវឲ្យអ្នកឈរឈ្មោះទៅបោះបង្គោលក្នុងបឹងឈូកជាច្រើនបង្គោល ដើម្បីងាយស្រួលសុំគោលការណ៍ធ្វើប្លង់កម្មសិទ្ធិ។ ចំពោះការយកគ្រឿងចក្រមកជីកកាយដីបឹងឈូករបស់រដ្ឋ ដោយគ្មានជំនាញសិក្សា កំណត់ឲ្យបានច្បាស់លាស់បែបនេះ ពិតជាធ្វើឲ្យមានការសង្ស័យថា ជាការធ្វើបំភាន់ភ្នែក ដើម្បីទន្ទ្រានយកដីបឹងនេះ ព្រោះកន្លងមកអ្នកបោះបង្គោលក៏មានបំណងសុំជីកផ្លូវបង្ហូរទឹកនៅទីនេះប្រវែងទទឹង៧ម៉ែត្រ ហើយដីដែលនៅសេសសល់គឺចាក់ដីលប់ចែកគ្នា។ ជាមួយនេះ បើអាជ្ញាធរនិងជំនាញ មកចុះត្រួតពិនិត្យត្រឹមត្រូវ ហើយជីកស្តារបឹងឈូកទៅតាមការកំណត់មែន ពួកគាត់ពិតជាសប្បាយចិត្ត ព្រោះបានទឹកសម្រាប់ប្រើប្រាស់ទាំងអស់គ្នា ពិសេសចំណុចបឹងឈូកនឹងក្លាយជាបឹងធម្មជាតិមួយ អាចបម្រើផ្នែកវិស័យទេសចរណ៍ ប្រកបដោយសក្តានុពល។ ទាក់ទិននឹងការជីកដីបឹងនេះ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច ដែលជាអ្នកបញ្ជាឲ្យគ្រឿងចក្រមកជីកស្តារប្រឡាយនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះថា ការយកគ្រឿងចក្រមកកាយដីបឹងខាងលើ គឺត្រូវអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យអាជ្ញាធរនៅទូទាំងប្រទេសត្រូវគិតគូរស្តារប្រឡាយ បឹងបួ សម្រាប់ស្តុកទឹកដើម្បីឲ្យពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំង។ជាងនេះទៅទៀតដីបឹងឈូក គឺជាបឹងធម្មជាតិ បើបានទឹកជ្រៅពិតជាផ្តល់នូវប្រភពទឹកសម្រាប់ស្រោចស្រពដំណាំ ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជុំវិញករណីគ្រឿងចក្រមកជីកកាយដីបឹងឈូកនេះដែរ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់អ្នកកាសែតក្នុងស្រុក នៅព្រឹកថ្ងៃដដែលថា លោកនឹងបញ្ជាដល់មន្ត្រីក្រោមឱវាទ ឲ្យទៅបញ្ឈប់សកម្មភាពបណ្តោះអាសន្ន ដោយរង់ចាំដឹកនាំក្រុមការងារទៅពិនិត្យនិងកំណត់ទីតាំងឲ្យបានច្បាស់លាស់ជាមុនសិន ទើបអនុវត្តជាក្រោយ ព្រោះចំណុចបឹងឈូកខាងលើ ជាបឹងធម្មជាតិ និងជាសម្បតិ្តរបស់រដ្ឋ ហើយក៏ជាជ្រលងផ្លូវទឹកដ៏សំខាន់ផងដែរ។ សូមបញ្ជាក់ផងដែរថា ចំណុចដីបឹងឈូករបស់រដ្ឋ ស្ថិតក្នុងភូមិ បឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច កន្លងមក ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ បានទៅបោះបង្គោលធ្វើជាព្រំដី បំណងក្រសោបយកប្រហែលបីហិកតា ដែលមានក្បាលដីប្រវែង៩៤ម៉ែត្រ និងជម្រៅដីប្រមាណជាង៣០០ម៉ែត្រ ថែមទាំងជួលរថយន្តដឹកដីមកចាក់លប់ ប៉ុន្តែចាក់បានតែពីររថយន្តក៏ត្រូវបានអាជ្ញាធរស្រុកទប់ស្កាត់ទាន់ពេលវេលា។ជាងនេះទៅទៀត លោកអភិបាលស្រុកកំពង់ត្រាច ក៏បានចេញសេចក្តីជូនដំណឹង ឲ្យលោកពូ សំ អេន ដកបង្គោលចេញពីផ្ទៃបឹងចំនួន២លើកមកហើយដែរ ប៉ុន្តែអ្នកដាំបង្គោលរូបនោះមិនព្រមដក ថែមទាំងអួតថាគាត់មានសាច់ញាតិជាឯកឧត្តមធំៗ ទើបករណីនេះចេះតែនៅស្មុគស្មាញរហូតមកដល់បច្ចុប្បន្ន។
ដោយឡែកចំពោះការជីកកាយស្តារបឹងឈូកខាងលើ បើអាជ្ញាធរជំរុញឲ្យគ្រឿងចក្រជីកកាយដីបឹងនៅចំណុចខាងលើឲ្យបានទាំងអស់(៩៤ម៉ែត្រ) គឺជារឿងមួយល្អបំផុត ខ្លាចក្រែងតែកាយតែទទឹង១០ម៉ែត្រនោះច្បាស់ជាទប់ស្កាត់លែងបានហើយទាន។