ឯកឧត្តម ស្វាយ សំអ៊ាង ចុះសំណេះសំណាលនិងសាកសួរទុក្ខមន្រ្តីរាជការ និងកងកម្លាំងការពារព្រំដែនគោកវរៈ៣០៣និងចុះពិនិត្យបង្គោលព្រំដែន

0

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ កាលពីថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទចំណុះក្រោមរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាព បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ថិតនៅប៉ុស្តិ៍បាតឹង ក្នុងភូមិអូរណា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ការចុះសំណេះសំណាល និងសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តនាឱកាសនេះ ធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់នៅខាងមុខទៀតនេះ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើរដល់កងកំលាំងទាំងអស់ដែលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវទប់ស្កាត់រាល់បទល្មើសនានាដែលកើតឡើងនៅតាមបន្ទាត់ព្រំដែនអោយខានតែបាននិងមិនត្រូវអោយមានបទល្មើសឆ្លងដែនកើតឡើងនៅក្នុងដែនរបស់ខ្លួននោះឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួននិងអំណោយបន្តិចបន្ទួចយកទៅប្រគល់ជូនកងកម្លាំងទាំងពីរហើយក៏ចុះពិនិត្យមើលផ្លូវដែលកំពង់ធ្វើនៅតាមបន្ទាត់ព្រំដែននិងចុះពិនិត្យបង្គោលព្រំដែនផងដែរ៕