ក្រចេះ : រមណីយដ្ឋានអន្លង់ផ្សោតគឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលមានការទាក់ទាញមួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតនៅក្នុងខេត្ត ហើយរមណីយដ្ឋានមួយនេះមានទីតាំងស្ថិតជាប់ដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ចម្ងាយជា១៦គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ។
តាមរយះកាអភិរក្សសត្វផ្សោត នៅតំបន់ខាងលើនេះ ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានចូលទៅទស្សនាកម្សាន្ត ដោយជិះទូកមើលសត្វផ្សោតនៅតាមដងទន្លេរមេគង្គ លាយឡំជាមួយនិងទេសភាពបែបធម្មជាតិផងដែរ ។
តាមកាអោយដឹងពីប្រធានសហគមន៍ បានអោយដឹងថា តំបន់ទេសចរមួយនេះបានធ្វើឲ្យជីវភាពប្រជាពល រដ្ឋនៅក្នុងសហគមន៍មួយនេះប្រមាណជាង80គ្រួសារមានជីវភាពធូរធាសមរម្យតាមរយះការចំឡងទូកជូនភ្ញៀវទេសចរ ទៅទស្សនាមើលសត្វផ្សោត និងសត្វស្លាបនៅជុំវិញអន្លង់ផ្សោត និងការធ្វើសិប្បកម្មកែច្នៃចម្លាក់សត្វផ្សោតត្រីនិងវត្ថុអនុស្សាវរីយ៍ និងការលក់ដូរនំចំណីអារហារផ្សេងៗទៀត ។
លោក ទុយ សុវណ្ណា ប្រធានសហគមន៍ទេសចរណ៍សត្វផ្សោតកាំពីរនិងជាមេឃុំសំបុកបានបញ្ជាក់ឲ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មើលឃើញថាទីតាំងអន្លង់ផ្សោតមួយនេះអាចទាញយកផលប្រយោជន៍ពី វិស័យទេសចរណ៍តាមរយៈសត្វផ្សោត គឺរដ្ឋាភិបាលបានបង្វិលពីការនេសាទ មកធ្វើមុខរបរនៅលើគោកវិញតាមរយៈការធ្វើសិប្បកម្មកែច្នៃចម្លាក់សត្វផ្សោតត្រីនិងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតបានធ្វើឲ្យជីវភាពប្រជាពល រដ្ឋនៅក្នុងសហគមន៍មួយនេះប្រមាណជាង80 គ្រួសារមានជីវភាពធូរធាសមរម្យ ដូច្នេះគេមិនដាក់ម៉ង នៅក្នុងចំណុចស្នូលតំបន់អភិរក្សសត្វផ្សោតនេះទេ ។
លោកប្រធានសហគមន៍បន្តរថា ជាទូទៅប្រជាពលរដ្ឋនៅតំបន់នេះគឺគេដឹងគ្រប់គ្នាចំពោះការអភិរក្សសត្វផ្សោត មិនមែនចាំតែមន្ត្រីជំនាញឬឆ្មាំទន្លេនោះទេ គឺប្រជាពលរដ្ឋតំបន់នេះគឺបានចូលរួមក្នុងការអភិរក្សសត្វផ្សោតនេះទាំងអស់គ្នាដោយសារហេតុផលថាពលរដ្ឋនៅតំបន់នេះគឺបានទទួលផលប្រយោជន៍តាមរយៈវិស័យទេសចរណ៍សត្វផ្សោតហ្នឹង ។
កាហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើការនេសាទដាក់មងក្នុងតំបន់អភិរក្សខាងលើលោកថា ជំហានដំបូងទាំងមន្ត្រីជំនាញរួមទាំងសហគមន៍នៅក្នុងមូលដ្ឋានខាងលើ គឺវាមិន មែនជាការងាយស្រួលនោះទេ ចំពោះការកែទម្លាប់មិនឲ្យប្រជាពលរដ្ឋធ្វើការនេសាទនោះ ទំរាំតែប្រជាពលរដ្ឋយល់ដឹងពីអត្ថប្រយោជន៍សត្វផ្សោតតាមរយៈវិស័យទេសចរណ៍នេះ វាមានបញ្ហាប្រឈមខ្លះដែរ ។ ប៉ុន្តែឥឡូវនេះប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះគឺមានការជួយជ្រោមជ្រែងក្នុងការអភិរក្សសត្វផ្សោតនៅតំបន់នេះ ហើយប្រសិនបើមានករណីបទល្មើសឆក់ត្រី កាប់ព្រៃលិចទឹកឬដាក់សម្រាស់យកត្រីនៅក្នុងតំបន់អភិរក្សសត្វផ្សោតមួយនេះ គឺពួកគាត់នឹងធ្វើការរាយការណ៍ជូនដល់សមត្ថកិច្ចឬឆ្មាំទន្លេព្រមទាំងសហគមន៍ដើម្បីចាត់វិធានការភ្លាមភ្លាម ។
ដោយឡែកលោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជល ផលខេត្តក្រចេះនិងជាប្រធានអភិរក្សឆ្មាំទន្លេបានឲ្យដឹងថា តាមរយះកាខិតខំប្រឹងប្រែងរបស់ក្រុមការងារឆ្មាំទន្លេរ ដែលកំពុងធ្វើការងារ ដោយសហការជាមួយខណ្ឌរដ្ឋបាលជលផល លើការងារអភិរក្សនិងការពារឲ្យបានគង់វង្សប្រយោជន៍សម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តក្រចេះ ។លោកថា តាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញនៅក្នុងឆ្នាំ២០១៩នេះ ចំនួនសត្វផ្សោតអាចមានកំណើនរហូតដល់១០ក្បាល ដែលកូនផ្សោតថ្មី អាចមានវត្តមានរស់នៅតាមអន្លង់ផ្សោតនៅក្នុងដងទន្លេមេគង្គ ។
លោកថា ចំនួនសត្វផ្សោតសរុបនៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងមានប្រមាណជា៩២ក្បាល ដោយឡែកអន្លង់សម្រាប់ការរស់នៅរបស់សត្វផ្សោតនៅក្នុងខេត្តក្រចេះមានចំនួន៥អន្លង់ហើយចំនួនសត្វផ្សោតដែលពេញវ័យមានចន្លោះពី៥៥ទៅ៦០ក្បាល ក្នុងនោះតូចៗប្រមាណជា២០ក្បាលមិនទាន់ពេញវ័យគឺមិនមានការរាប់បញ្ចូលនៅក្នុងចំនួនតួលេខនេះនៅឡើយទេ ។
ដោយឡែកទាក់ទិនទៅនឹងសហគមន៍ដែលបច្ចុប្បន្ននេះទាំងរដ្ឋបាលជលផលថ្នាក់ខេត្តក៍ដូចជាថ្នាក់ជាតិ បានរៀបចំឲ្យមានសហគមន៍នេសាទនៅតាមមូលដ្ឋាន ដោយសហការជាមួយអង្គការ WWF និអង្គការNRDដើម្បីឲ្យសហគមន៍មានផែនការគ្រប់គ្រង មានផែនការច្បាស់លាស់ ។ តែទោះជាយ៉ាងណាលោកថា បញ្ហារប្រឈមគឺថាសមាជិកនៅក្នុងសហគមន៍មួយចំនួនតូចនៅតែមានការឆ្លៀតឱកាស ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសនៅក្នុងដែនអភិរក្សដែលច្បាប់បានហាមឃាត់ ។
លោកថាការដាក់មងក្រឡាធំនៅក្នុងតំបន់អភិរក្សសត្វផ្សោតនេះគឺដើម្បីចាប់ត្រីមានពូជ ប៉ុន្តែផលប៉ះពាល់នៃការចាប់ត្រីមានពូជ វាអាចធ្វើឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតសត្វផ្សោត ដោយការំជាប់កន្ទុយជាប់ក្បាលជាដើម អាចធ្វើឲ្យសត្វផ្សោតងាប់ប្រសិនណាបើយើងមិនមានការយកចិត្តទុកដាក់ ធ្វើការបង្ក្រាបឲ្យបានទាន់ពេលនោះ។
ក្នុងនោះបញ្ហាប្រឈមនានារបស់ក្រុមអភិរក្សឆ្មាំទន្លេរ គឺសំរាប់រដូវប្រាំងទុកជួរហូរខ្លាំង ហើយក្បាលថ្មរនៅតាមដងទន្លេរមេគង្គដុះអណ្តែតច្រើន ប្រសិនណាបើឆ្មាំទន្លេយើងមានការប្រុងប្រយ័ត្នឬមិនស្គាល់ទីតាំងគោលដៅច្បាស់លាស់ ការបើកបរទូកប្រសិនណាបើមានការធ្វេសប្រហែសតែបន្តិច នឹងត្រូវលិចទូកឬបាក់ស្លាបចាក់ជាដើម ។ ដោយ ម៉េង គាង




































