កំពង់ធំ៖ មន្រ្តី៣៤ រូប ដែលបម្រើការងារ ជាមន្រ្តីរាជការនៅក្នុងខេត្តកំពង់ធំ ត្រូវបានរដ្ឋបាលសាលាខេត្តកំពង់ធំ ប្រកាសចូលកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាព ការិយាល័យ បំម្រើការងារក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ ។
ពិធីប្រកាសចូលកាន់មុខតំណែងរបស់មន្រ្តីរាជការ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងអភិបាលរង ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្តចូលរួម ដែលមានទីតាំង ប្រារព្វពិធីនៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ មុខតំណែងទាំងអស់មិនមែនជា កម្មសិទ្ធរបស់យើងផ្តាច់មុខនោះទេ តែត្រូវបំពេញតួនាទីភារកិច្ចឲ្យបានល្អ ក្នុងពេលដែលប្រតិបត្តិតួនាទី ចំណែកការផ្ទេរភារកិច្ច ឬផ្លាសប្តូរ គឺជារឿង ធម្មតារបស់មន្ត្រីរាជការ តែសំខាន់ត្រូវតែរួបរួមគ្នា សាមគ្គីគ្នា ស្រឡាញ់គ្នា ធ្វើការជាមួយគ្នា ឲ្យមានសេចក្តីសុខ និងការងារដោយមានភាពទទួលខុសត្រូវ ។
ក្នុងនោះឯកឧត្តម សុខ លូ បានជម្រុញឲ្យ មន្រ្តីទាំងអស់ត្រូវតែមើលការខុសត្រូវឲ្យបាន ទាំងការងារនៅក្នុង អង្ភភាពរបស់ខ្លួន រួមគ្នាដោះស្រាយនូវបញ្ហាផ្សេងៗ ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ដោយការចូលរួមដោះស្រាយ ខិតខំប្រឹងប្រែងទាំងអស់គ្នា ដូចជា នូវជម្លោះបញ្ហាដីធ្លី ដូចជាព្រៃឈើ នេសាទ បទល្មើសផ្សេងៗនិងចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ចំណែកមន្ទីរអង្គភាព ត្រូវយល់ពីតួនាទីរបស់ខ្លួន ក៏អង្គុយចង្អុលគេ តែខ្លួនឯងមិនធ្វើ ។ ដោយ ប៊ុន រដ្ឋា





































