អភិបាលខេត្តកំពង់ចាម ជំរុញ​ឲ្យ​មន្ត្រី​​ ត្រូវ​ខិតខំគាស់កកាយអំពីកេរ្តិ៍មរត​ វប្បធម៌ នៃល្បែងប្រពៃណី នៅក្នុងតំបន់នីមួយៗ មកលេងកំសាន្ត​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​

0

កំពង់ចាម​៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ស្តីពីការត្រៀមរៀបចំ​ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ​ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
កិច្ចប្រជុំនេះ បានធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី មន្ទីរអង្គភាព ពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង-ស្រុកទាំង១០ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ផងដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាននីមួយៗ ខិតខំគាស់កកាយអំពីវប្បធម៌ ក្នុងតំបន់រៀងៗខ្លួន មកបង្ហាញដល់សាធារណៈជន បានទស្សនាកំសាន្តសប្បាយៗ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ នាពេល​ខាង​មុខ​នេះ​។ ព្រោះបើយើងទាំងអស់គ្នា បានអភិរក្ស នូវល្បែងកំសាន្តទាំងអស់នោះ ក្រៅអំពី ផ្ដល់ភាពសប្បាយៗ ដល់ប្រជាពលរដ្ឋទូទៅ វាក៏បានរំលឹកនូវអត្តសញ្ញាណរបស់ដូនតាខ្មែរយើង ដែលបានកប់ និងបន្សល់ទុកតាំងពីអតីតកាល ឲ្យផុសឡើងសារជាថ្មីវិញ ផងដែរ។

ជាមួយគ្នានោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​គ្រប់​អាយុ​ តែ​នៅ​មិន​ទាន់បាន​ធ្វើ​អត្តសញ្ញាណ​ សញ្ជាតិ​ខ្មែរ​ គឺ​សូម​មក​ធ្វើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នាពេល​ខាង​មុខ​នេះ​ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ ជា​កម្មករ​ កម្មការិនី​ និង​ពលករ​ក្រៅ​ប្រទេស​ ដែល​បាន​មក​លេង​កម្សាន្ដ​ ​នៅ​​ស្រុក​កំណើត​ ព្រោះ​កម្លាំង​នគរបាល​យេីង​ ក្រៅ​ពី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ និង​ចុះ​ធ្វើ​អត្តសញ្ញាណ​ ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផងដែរ​។ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បានស្នើទៅដល់​អាជ្ញាធរ​ក្រុង ស្រុកទាំងអស់ បន្តដឹកនាំឃុំ សង្កាត់ នីមួយៗ ជួយផ្សព្វផ្សាយ អំពីទីកន្លែងឈរជើង របស់ក្រុមការងារអត្តសញ្ញាណកម្ម នៃស្នងការនគរបាល ដើម្បី ឲ្យប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករចំណាកស្រុក បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ខណៈដែលពួកគាត់ បានមកកាន់ស្រុកកំណើតផ្ទាល់ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំកុរ នាឆ្នាំនេះ អាជ្ញាធរ បានត្រៀមគោលដៅសប្បាយភាព នៅតាមវត្តអារាម និងរម្មណីដ្ឋាននានា ក្នុងក្រុង ស្រុកទាំង ១០ ចំនួន ១៣កន្លែង ក្នុងនោះ ស្រុកកំពង់សៀម មាន ៤កន្លែង គឺ ៖ រម្មណីដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំប្រុស ភ្នំស្រី រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំហាន់ជ័យ និងរម្មណីដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែន ។