លោកជំទាវ ទាង អេង ទៀសីហាទទួលស្វាគមន៍ប្រតិភូកាកបាទក្រហមកូរ៉េ

0

សៀមរាប៖ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៩នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានទទួលស្វាគមន៍ និង សំណេះ សំណាលជាមួយគណៈប្រតិភូកាកបាទក្រហមកូរ៉េ ស្រុកជុងជូ រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយ លោកស្រី Kim Young Sok ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍ លោកជំទាវទាង អេង ទៀសីហា បានពាំនាំប្រសាសន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ដែលបានមិនមកទទួលផ្ទាល់នាពេលនេះ លោកជំទាវក៏សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូកាកបាទក្រហមកូរ៉េ ស្រុកជុងជូ នៃរដ្ឋធានីសេអ៊ូល ។ ជាមួយគ្នានេះដែរលោកជំទាវ និង ក្រុមប្រតិបត្តិសាខា បានធ្វើការបង្ហាញពីសមិទ្ធផល និង សកម្មភាពនានារបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ ក្នុងការធ្វើកម្មភាពមនុស្សធម៌ ការចុះជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។
នាឱកាសនេះដែរ លោកស្រី Kim Young Sok ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកបទពិសោធន៍ល្អៗជាច្រើន សម្រាប់អនុវត្តន៍ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និង វប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ជនរងគ្រោះ និង ជនងាយរងគ្រោះទាំងឡាយ ហើយលោកស្រីនឹងជួយផ្សព្វផ្សាយសកម្មភាពដ៏ប្រពៃនេះ ដើម្បីជូនដល់ប្រជាជនកូរ៉េ នៅក្នុងភូមិសាស្ត្រនៃស្រុកជុងជូផងដែរ ។
ជាមួយគ្នានេះដែរលោកស្រីតំណាងកាកបាទក្រហមកូរ៉េ ក៏បាននាំយកនូវអំណោយមួយចំនួនជួយកដល់សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប មានដូចជា៖ ប្រអប់សង្គ្រោះបន្ទាន់ ប្រអប់ដាក់ប៊ិច អាវយឺត និងសម្ភារៈផ្សេងៗមួយចំនួនទៀត ៕