សមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បញ្ចៀសគ្រោះថ្នាក់កុំឲ្យកើតមានឡើង ក្នុងពេលបុណ្យចូលឆ្នាំខាងមុខ 

0

ស្ទឹងត្រែង  ៖លោក អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងក្រោមឱវាទ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ដីពីការរឹតបន្តឹងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្របពេលដែលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរគៀកជិតចូលមកដល់ ។ ការចុះរឹតបន្តឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំនុចព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។

លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរង មានប្រសាសន៍ថា៖ក្នុងឱកាសឆ្នាំថ្មីនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រជុំផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជំរុញនូវការរឹតបន្តឹង ដែលពាក់ព័ន្ធនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកន្លងមក ក្នុងពិធីបុណ្យផ្សេងៗ គឺតែងតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារឿយៗ ជាក់ស្តែងនៅឆ្នាំ២០១៨កន្លងទៅ ការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបទូទាំងប្រទេស គឺមានចំនួន១៧៦១នាក់ ដូច្នេះនៅក្នុងឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ សង្ឃឹមថា កម្លាំងនគរបាលចរាចរណ៍ទាំងអស់ នឹងត្រូវខំប្រឹងប្រែងក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់មិនឲ្យកើតមានឡើងលើសឆ្នាំ២០១៨នោះឡើយ ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា ៖ ដោយឡែក គឺនៅខេត្តស្ទឹងត្រែងនេះផងដែរ នៅឆ្នាំ២០១៨ ការស្លាប់របស់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួន៣៧នាក់ គឺជាចំនួនច្រើន ដូច្នេះរូបលោកនឹងមានវិធានការបន្ថែមទៀត ក្នុងការទប់ស្កាត់ ក៏ដូចជាណែនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានច្រើន ។

លោកថា ៖ បើប្រៀបធៀបតួលេខត្រីមាសទី១នៅឆ្នាំ២០១៨ និងតួលេខត្រីមាសទី១នៅឆ្នាំ២០១៩នេះ គឺមានការថយចុះ ។លោកឧត្តមសេនីយ៍ត្រីបន្ថែមថា ៖អ្វីដែលសំខាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក គឺមានតែជំរុញ និងរឹតបន្តឹងក្នុងការអនុវត្តច្បាប់ចរាចរណ៍។ពាក់ព័ន្ធនឹងការរឹតបន្តឹងច្បាប់នេះ លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរង បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេស អ្នកធ្វើដំណើរតាមដងផ្លូវ សូមធ្វើដំណើរ ដោយគោរពច្បាប់ចរាចរណ៍ ក៏ដូចជាបើកបរទៅតាមល្បឿន ដែលច្បាប់បានកំណត់ និងគោរពសិទ្ធិអទិភាពគ្នាទៅ
វិញទៅមក ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ ដេង ម៉ាវិន