អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្រ្តី នៃមន្ទីរអប់រំ ត្រូវ​ពង្រឹងសមត្ថភាពបន្ថែម លើសមិទ្ធផលដែលសម្រេចបាន

0

កំពង់ចាម​៖​ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំ ដល់មន្ត្រីរាជការ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ត្រូវពង្រឹងសមត្ថភាពការងារបន្ថែម លើសមិទ្ធផលដែលសម្រេចបាន នាពេលកន្លងមក ។ ឯកឧត្ដម ថ្លែងលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរ បិទការផ្សព្វផ្សាយខ្លឹមសារសន្និបាត អប់រំយុវជន និងកីឡាឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩ និងចែករង្វាន់ ដល់នាយកល្អ គ្រូល្អ និងគ្រូឆ្នើម នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានធ្វើរបាយការណ៍ ឲ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាល បានកំណែទម្រង់លើវិស័យអប់រំពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៩ នេះ ជ័យលាភី ដែលមន្ទីរអប់រំខេត្ត ទទួលបាន មានដូចជា៖ នាយកល្អចំនួន០៤នាក់ គ្រូល្អចំនួន០៣នាក់ គ្រូឆ្នើមចំនួន០៥នាក់ ស្មូត្រ០១នាក់ អំណាន០១នាក់ ផ្នែកគំនូរ០៨នាក់ ផ្នែកស្មូតកំណាព្យ ចំនួន០៣នាក់ ផ្នែកបរិស្ថានសាលាស្អាតចំនួន០១សាលា ។ ដោយឡែក ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នេះ មន្ទីរអប់រំ ខេត្តកំពង់ចាម​ ទទួលបានជ័យលាភី ផ្នែកអំណានទទួលបានចំណាត់ថ្នាក់លេខ០៣ទូទាំងប្រទេស គ្រូឆ្នើមផ្នែកភាសាខ្មែរទទួលបានចំណាត់ថ្នាក់លេខ០១ ទូទាំងប្រទេស គ្រូឆ្នើមផ្នែកគណិតវិទ្យា ទទួលបានចំណាត់ថ្នាក់លេខ០៥ ទូទាំងប្រទេស គ្រូល្អទទួលបានចំណាត់ថ្នាក់លេខ០៣ ទូទាំងប្រទេស នាយកល្អទទួលបានចំណាត់ថ្នាក់លេខ០៣ ទូទាំងប្រទេស និងសាលារៀន ដែលមានបរិស្ថានស្អាត ទទួលបានចំណាត់ថ្នាក់ល្អ ចំនួន០១​ ផងដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក៏ដូចជា អាជ្ញាធរដែនដី សប្បុរសជន និងមាតាបិតា សិស្ស និស្សិតទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំយុវជន និងកីឡា នៅក្នុងខេត្តកំពង់ចាម ឲ្យមានភាពរីកចម្រើនគួរជាទីមោទនៈ ។ យ៉ាងណាម៉ិញ សមិទ្ធផលទាំងអស់នោះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញជា​បន្តបន្ទាប់​ តាមរយៈ លទ្ធផល នៃការប្រលងជាប់ ជានិទ្ទេសអេ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នាពេលថ្មីៗកន្លងទៅនេះ។ ជាក់ស្ដែង ដោយភាពរីកចំរើន នៃវិស័យអប់រំ ពីមួយថ្ងៃ ទៅមួយថ្ងៃ នៃខេត្តកំពង់ចាម មកដល់ពេលនេះ យើងក៏ទទួលបាននូវជ័យលាភី ចំណាត់​ថ្នាក់​ល្អ ជាបន្តបន្ទាប់ ដូចជា ផ្នែក ៖ គ្រូឆ្នើម គ្រូល្អ អំណានល្អ និងសាលារៀនល្អ ។ ដែលផ្ដល់នូវមោទនភាព សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា ខេត្តកំពង់ចាម ទាំងមូល ផងដែរ ។ ដោយឡែក ទន្ទឹមជាមួយនឹងសមិទ្ធផល និងជ័យលាភីទាំងអស់នេះ ឯកឧត្ដម អភិបាលខេត្ត កំពង់ចាម ក៏បានណែនាំទៅដល់មន្ត្រីរាជការ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ត្រូវចេះពង្រឹងការងារបន្ថែមលើសមិទ្ធផល ដែលសម្រេចបាន ផងដែរ ដោយក្នុងនោះ ត្រូវជម្រុញបន្ថែមកិច្ចការមួយចំនួន ដូចជា ៖ បញ្ហាបៀវត្ស បញ្ហាកំណែទម្រង់សិស្ស និងបញ្ហាការផ្ទេរ គ្រូបង្រៀន ជាដើម ពោលគឺ ត្រូវប្រែក្លាយពីពាក្យថា «មន្រ្តីច្រើន បញ្ហាច្រើន ឲ្យទៅជាមន្រ្តីច្រើន បង្កើនប្រសិទ្ធផលការងារបានច្រើនវិញ» ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន រួមជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ ក៏បានផ្តល់រង្វាន់ជូនអ្នកទទួលបានជ័យលាភី គ្រូឆ្នើម ផ្នែកភាសាខ្មែរទទួលបានចំណាត់ថ្នាក់លេខ០១ ទូទាំងប្រទេស បានទទួលថវិកាចំនួន០២លាន០៥សែនរៀល និងចំណាត់ថ្នាក់បន្តបន្ទាប់ ដូចជា ៖ គ្រូល្អ សិស្សអំណានល្អ និងសាលារៀនល្អ ដោយម្នាក់ៗទទួលបានប្រាក់រង្វាន់ ជាថវិកាចំនួន០១លាន០៥សែនរៀល ផងដែរ ៕