លោកអ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំនាំយកអំណោយចែកជូនជនជាប់ឃុំក្នុងពន្ឋនាគារ

0

កំពង់ធំ៖ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល  ឩទ្ធិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅហើយក្តី និងឧទ្ទិសកុសលផលបុណ្យដល់សាច់ញាតិជនជាប់ឃុំ ដើម្បីរំដោះគ្រោះកាច គ្រោះកម្ម និងបាបកម្មទាំង​ឡាយជូនដល់ជនជាប់ឃុំ រួមទាំងបាននាំយកអំណោយមកចែកជូនជនជាប់ឃុំក្នុងពន្ឋនាគារខេត្តកំពង់ធំ មានគ្រឿងឧបភោគបរិភោគជាច្រើនមុខ ។

ពិធីសូត្រមន្តបង្សុកូល ប្រស់ព្រំ សុំសេក្តីសុខ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ដែលបានផ្តួចផ្តើមឡើងដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងមន្រ្តីក្រោមឳវាទ និងមាន ការចូលរួមពីមន្រ្តីអនុរក្សពន្ឋនាគារជាច្រើនរូប ក្នុងគោលបំណងនាំអំណោយចែកជូនដល់ជនជាប់ឃុំ ក្នុងឳ​កាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រួមទាំងសូទ្រមន្តរាប់បាត និងបាងស្គុលរំដោះកម្មពារជូនដល់ជនជាប់ឃុំ។

 

រីឯអំណោយ ដែលទទួលបាន គឺជាការចំណោយថវិការផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ មកផ្តល់ជូនជាប់ឃុំ រួមមានជ្រូកចំនួន២ក្បាលស្មើរនឹង១៣០គ.ក, ស្កសរ៤ការ៉ុង , ទឹកត្រី២០ យូរ , ទឹកស៊ីអ៊ីវ២០យួរ, អំបិល៥បេ , ប្រេង២ពិដុង , ទឹកក្រូច៥០កេស, មី៥០កេស និងបានឧបត្ថម្ភថវិកាជូន ដល់ស្រ្តីជាប់ឃុំ និងលោកតាលោកយាយផងដែរ  សម្ភារៈទាំងអស់បានប្រគល់ជូនលោក ប្រធានពន្ឋនាគារខេត្តកំពង់ធំ ដើម្បីធ្វើការបែងចែកជនដល់បងប្អូនដែលកំពុងតែជាប់ឃុំក្នុងពន្ឋនាគារ  ។

 

លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីផ្សារភ្ជាប់និងមនោ សញ្ខេតនា ក្នុងកម្មវិធីមនុស្សធម៌ ជាមួយនឹងបងប្អូន ដែលកំពុងតែជាប់ឃុំក្នុងពន្ឋនាគារ ដើម្បីទទួលការអបអរទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបានផ្តាំផ្ញើរដល់ ជនជាប់ឃុំទាំងអស់ ត្រូវថែរក្សាសុខភាព និងចេះកែខ្លួន ឲ្យក្លាយទៅជាមនុស្សល្អ កូនល្អ របស់ឳពុកម្តាយ និងបញ្ឈប់កុំឲ្យអ្នកម្តាយ ទទួលរងនិងទឹកភ្នែកម្តងទៀត ត្រូវចេះកសាងខ្លួន ធ្វើជាមនុស្សល្អរស់នៅក្នុងសង្គម ។

ដោយ ប៊ុន រដ្ឋា