សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទីមួយ និងប្រកាសតាំងស៊ប់ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ ដល់សិស្សនាយនគរបាល និងនាយនគរបាលរង ដែលបានជ្រើសរើសថ្មី សម្រាប់ឆ្នាំ២០១៨ ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅសាលានគរបាលជាតិ ភូមិភាគ៤ នាព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០១៩។
លោក ឧត្ដមសេនីយ៍សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានបញ្ជាក់ថា មានសិស្សចំនួន១៩៤ នាក់ សិស្សជ័យលាភីទាំងអស់ត្រូវបានទទួលវិញ្ញាបនបត្រសិក្សា និងប្រកាសតាំងស៊ប់ ក្នុងក្រខណ្ទមន្រ្តីនគរបាលជាតិ តាមនិតិវិធីជាធរមាន ដោយឡែក អ្នកដែលមិនបានទទួលជោគជ័យ ក្នុងការសិក្សា មិនត្រូវបានតាំងស៊ប់ក្នុងក្របខណ្ទនាពេលនេះទេ ត្រូវរងចាំតាំងស៊ប់នៅពេលក្រោយ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញ ការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋានបុគ្គលិក សាលានគរបាលជាតិភូមិភាគ៤ និងអង្គភាពចំណុះពាក់ព័ន្ឋទាំងអស់ ក្នុងការរៀបចំចែតចែង ឲ្យមានវគ្គបណ្តុះបណ្តាលដែលបាន ដំណើរការបានល្អនិងជោគជ័យ តាមផែនការដែលបានកំណត់ ដើម្បីសម្រេចតាមគោលនយោបាយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល និងដោយយោងតាមស្ថានភាពនៃក្របខណ្ទមន្រ្តីនគរបាលជាតិមិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការប្រចាំឆ្នាំក្នុងការជ្រើសរើសមន្រ្តីនគរបាលថ្មី ដើម្បីបំណេញបន្ថែមនិងបន្តវេន ធានាបាននូវនិរតនភាពនៃរដ្ឋបាលសាធារណៈ ក្នុងការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ។
ឯកឧត្តម ប្រធានគណអធិបតីបានគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភា ក្នុងការពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលគ្រប់កំរិត ពីព្រោះក្រសួងត្រូវការ បាននគរបាលដែលមានគុណភាព សមត្ថភាព និងប្រសិទ្ធិភាពការងារ ក្នុងនោះឯកឧត្តម បានឲ្យសាលានគរបាលជាតិភូមិភាគ៤ បន្តអនុវត្តកម្មវិធីកំណែទម្រង់ដែលមានស្រាប់ ដើម្បីលើកកម្ពស់គុណភាព ដល់សិស្សជ័យលាភីទាំងអស់ និងត្រូវយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម គោរពក្រមសីលធម៌ វិជ្ជាជីវៈមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាស់ និងត្រូវមាន អាកប្បកិរិយាល្អ និងការរស់នៅក្នុងសង្គម
ក្នុងឳកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានផ្តល់កិត្តិយស់ បំពាក់សក្កិជូនដល់សិស្សជ័យលាភី ៣៥នាក់ ដែលជាតំណាងឲ្យសិស្ស ក្នុងចំណោមសិស្សជ័យលាភីទាំងអស់១៩៤នាក់ ។ ដោយ ប៊ុន រដ្ឋា





































