កំពង់ចាម : ដើម្បីអបអរសាទរ និង ការ បង្កើន ភាព សប្បាយរីករាយ ជាមួយ បងប្អូន ប្រជាពលរដ្ឋ នូវ សង្ក្រាន្តឆ្នាំថ្មី ដែល មាន រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០១៩នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្ត កំពង់ចាម និង លោកជំទាវ អ៊ូ ធីតាពៅ អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ ជុំវិញ ខេត្ត ជា ច្រើន រូប បានអញ្ជើញចូលរួម លេងល្បែងប្រជាប្រិយ ប្រពៃណី ជាតិ ខ្មែរ ពូនភ្នំខ្សាច់
និងស្រង់ព្រះ នៅតាម ទី វត្តអារាម និង រមណីយដ្ឋាន សំខាន់ៗ មួយ ចំនួន ជាមួយគ្នានោះ ក៏ មាន បងប្អូន ប្រជាពលរដ្ឋ និង ភ្ញៀវ ទេសចរ បរទេស មក ដេីរលេងកម្សាន្ត នៅតាម តំបន់ ទេសចរណ៍ និងវត្តអារាម នៅតាមបណ្តាស្រុកក្រុងនានា រួមមាន៖
១.ក្រុងកំពង់ចាម: សួនវាលស្មៅមុខសាលាខេត្ត
២.ស្រុកកំពង់សៀម: រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្នំ ហាន់ ជ័យ ភ្នំប្រុស -ភ្នំស្រី និងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន
៣.ស្រុកបាធាយ: វិទ្យាល័យបាធាយ
៤.ស្រុកជេីងព្រៃ: រមណីយដ្ឋានប្រាសាទភ្នំជេីងព្រៃ
៥.ស្រុកព្រៃឈរ: រមណីយដ្ឋានទឹកឆា
៦.ស្រុកចំការលេី: រមណីយដ្ឋានទំនប់៥កុម្ភ: វត្ត ទួលឡូវ
៧.ស្រុកស្ទឹងត្រង់: វត្តគិរីណ្ណារាម (ព្រះអង្គគុហ៍)
៨.ស្រុកកងមាស: វត្តអង្គរបាន
៩.ស្រុកកោះសូទិន: វត្តមហាលាភ
១០.ស្រុកស្រីសន្ធរ: មុខសាលាស្រុក ។ ដោយ មាន ការលេងល្បែងប្រជាប្រិយផ្សេងៗ មានដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គោះត្រដោក វាយ ក្អម ឡើង សសរ ខ្លាញ់ និង ល្បែង កម្សាន្ត មួយ ចំនួន ទៀត ដើម្បីបញ្ជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយៗ បានចងចាំផងដែរ។
លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម បានឲ្យដឹងថា ឆ្នាំនេះភ្ញៀវទេសចរ មានការកើនឡើង បើទោះបីអាកាសធាតុក្ដៅខ្លាំង និងមានការបង្កើតសង្ក្រាន្ត តាមតំបន់គោលដៅសំខាន់ៗ មួយចំនួនទៀត នៅក្នុងក្រុង/ស្រុក សរុបចំនួន ១៣កន្លែង ដើម្បី បង្កភាពសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋយើង ។ នៅក្នុងឆ្នាំ២០១៩ នេះដែរ សាលាខេត្ត បានកំណត់ឲ្យមន្ទីរទេសចរណ៍ សហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំសង្ក្រាន្ត នៅវាលស្មៅមុខសាលា ខេត្ត
កំពង់ចាម ដោយមានភ្ញៀវមកលេងកំសាន្ត យ៉ាងច្រើនកុះករ ។ ជាក់ស្ដែង ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមរមណីដ្ឋាន នៃខេត្តកំពង់ចាម ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឆ្នាំនេះ សរុបមានចំនួន ៣៣១.៧០៣នាក់ ក្នុងនោះ អន្តរជាតិ មានចំនួន ៩៤៨នាក់ ភ្ញៀវជាតិកើនឡើង ៦% និងអន្តរជាតិ កើនឡើង ២៧% បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងទៅ ។ លោកប្រធានមន្ទីរ បញ្ជាក់ដែរថា ដើម្បី បង្កភាពសប្បាយដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវបានទស្សនាកំសាន្តផងនោះ មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋានលេងល្បែងប្រជាប្រិយ ដូចជា ៖ បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គោះត្រដោក លោតបាវ វាយ ក្អម ឡើង សសរ ខ្លាញ់ និង ល្បែង កម្សាន្ត មួយ ចំនួន ទៀត ដើម្បី បំរើការសប្បាយជូនប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមម្លប់សន្តិភាព នៃការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ៕




































