ខេត្តព្រះស៊ីហនុ៖ ព្រឹកថ្ងៃទី 18 ខែមេសាឆ្នាំ 2019 នេះមានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកចាប់ដីគេចែកគ្នាបាននាំគ្នាយកដើមឈើមកបាំងផ្លូវជាតិលេខ 4 នៅចំណុចភូមិចំណោតរាមឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីប្រឆាំងតវ៉ាការចុះអនុវត្តដីការបស់តុលាការលើដី លោក ជុំ សាវុធ ។
ក្រោយធ្វើសកម្មភាពបិទបានមួយខណៈពេលខ្លីប៉ុណ្ណ កំលាំងនគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់អោយធ្វើចរាចរណ៍ធម្មតាវិញ រីឯក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែកគ្នាទៅវិញដែរ។
តាមមន្ត្រីនគរបាលនៅកន្លែងកើតហេតុអោយដឹងថាក្រុមអ្នកតវ៉ាមានគ្នាប្រមាណ១០០នាក់ បានសែងដើមឈើមកដាក់បាំងផ្លូវជាតិលេខ៤ស្ថិតនៅមុខទីតាំងខ្ទមរបស់ពួកគាត់ក្នុងភូមិសាស្ត្រចំណោតអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។
បើតាមលោកមេឃុំបិតតាំង លោក មៀច ចាន់ អោយដឹងថានៅវេលាព្រឹកថ្ងៃទី ១៨ខែមេសាឆ្នាំ ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់បានចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជាង 300 គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោកជំុ សាវុធ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលនៅទំនេរ។
មកដល់ម៉ោង 10,00 នេះឃើញថាសកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុធ នេះត្រូវបានដំណើរការដោយមិនមានការរាំងស្ទះអ្វីឡើយ។លោកមេឃុំ បញ្ជាក់ជូនថាគ្រាន់តែនៅលើដីលោក ជុំ សាវុធ មួយកន្លែងនេះមានខ្ទមរបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យប្រមាណជាង 300 គ្រួសារ។
លោក មៀច ចាន់ បញ្ជាក់ថាអ្នកទាំងនោះ
ខ្លះមកពីសង្កាត់លេខ 1 ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្មនិងតំបន់មួយចំនួននៃស្រុកកំពង់សីលានៅខេត្តព្រះសីហនុ ក្រៅពីនេះក៏មានក្រុមប្រជាពលរដ្ឋខ្លះមកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរមានដូចជាខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែងខេត្តស្វាយរៀងនិងខេត្តកំពង់ស្ពឺជាដើម។
បើយោងតាមលោកអភិបាលស្រុកព្រៃនប់លោក ស កក្កដា បានបញ្ជាក់ប្រាប់កាលពីម៉ោង 6.25 នាទីល្ងាចថ្ងៃនេះថា៖ការចុះអនុវត្តកិច្ចការនេះកម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្សចំនួន ០2 នាក់ស្រីម្នាក់ប្រុសម្នាក់។បុរសម្នាក់ដែលកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួននៅពេលគាត់តវ៉ាបិទផ្លូវជាតិលេខ 4។ចំណែកស្ត្រីម្នាក់ទៀតត្រូវបានឃាត់នៅល្ងាចនេះគ្រាដែលគាត់បានធ្វើកាតវ៉ាប្រឆាំងជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលចុះអនុវត្តការងារ។បច្ចុប្បន្នអ្នកទាំងពីរនាក់នេះសមត្ថកិច្ចនគរបាលស្រុកព្រៃនប់កំពុងសាកសួរ។
បើតាមការបញ្ជាក់ពីលោកអភិបាលស្រុកថានារីម្នាក់ដែលបានឃាត់ខ្លួននេះគឺជាប្រពន្ធរបស់មេខ្លោងក្នុងអំពើទន្ទ្រានដីអនាធិបតេយ្យនៅចំណុចនោះតែម្តង។ទន្ទឹមនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីប្រកាសព័ត៌មានគាំទ្រចំពោះការអនុវត្តវិធានការច្បាប់របស់អាជ្ញាធរស្រុកព្រៃនប់និងថែមទាំងបានបង្ហាញជំហរយ៉ាងមុតមាំក្នុងដោះស្រាយបញ្ហានេះដោយប្រើច្បាប់ជាគោល។សូមបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចុះអប់រំណែនាំជាច្រើនមកហើយដែរតែក្រុមពលរដ្ឋទាំងនោះហាក់មិនបានចូលរួមសហការជាមួយអាជ្ញាធរសោះ។
ពួកគេទាំងនេះទំនងជាមានមេខ្យល់នៅពីក្រោយខ្នង។ទោះជាយ៉ាងណា អាជ្ញាធរខេត្តព្រះសីហនុ នៅតែអំពាវនាវដោយទទូចចំពោះក្រុមពលរដ្ឋអនាធិបតេយ្យដីធ្លីទាំងឡាយត្រូវដកខ្លួនចេញពីអំពើអនាធិបតេយ្យនេះជាបន្ទាន់៕




































