មនុស្សប្រុសស្រីក្មេងចាស់ជិត២០នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការក្រឡាប់រថយន្ត នៅស្រុករវៀង

0

(ព្រះវិហារ) មនុស្សប្រុសស្រីក្មេងចាស់ជិត២០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការក្រឡាប់រថយន្ត ក្រោយពីវិលត្រឡប់មកពីដើរលេងបន្ទាប់ពីថ្ងៃចូលឆ្នាំ នៅប្រាសាទកោះកែ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាល ស្រុករ វៀង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ ។

អធិអធិការនគរបាលស្រុក បានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រែច្នាប ស្ថិតក្នុងភូមិស្វាយដំណាក់ថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោកអធិការបន្តថា នៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកមនុស្សពេញ មកពីលេងកម្សាន្តនៅប្រាសាទកោះកែរ លុះត្រឡប់មកវិញ ដល់កន្លែងកើតហេតុស្រាប់តែរថយន្តបែកកង់ខាងមុខ បណ្តាលឱ្យរេចង្កូតក្រឡាប់តែម្តង ធ្វើឱ្យ អ្នករួមដំណើរ ១៩ នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្រី៨នាក់។

លោកថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ដែល ក្រឡាប់ ម៉ាក តូយ៉ូតា ពណ៌ស មួយ បាំង កន្លះ ពាក់ស្លាកលេខភ្នំពេញ 2AB.11.60 នៅនិងកន្លែងកើតហេតុ។

ដោយឡែកអ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះ ហៀប ចាន់ ហុក ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិ ស្វាយ ដំណាក់ ចាស់ ឃុំរបទម ស្រុក រវៀង ខេត្តព្រះវិហារ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចនាំយក ទៅ រក្សាទុក នៅ ប៉ុស្តិ៍ រង់ចាំដោះស្រាយនាពេលក្រោយ៕សួនលីណា