តុលាការខេត្តរតនគិរី បានចេញដីកាឃុំខ្លួនបុរសជាតិវៀតណាម១២នាក់ ក្រោយការឃាត់ខ្លួនរបស់កម្លាំងកងរាជអាវុធហត្ថខេត្ត ក្នុងបទល្មើសនាំគ្រឿងចក្រ ចូលមកឈូសឆាយដីព្រៃក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ !

0

ខេត្តរតនគិរី៖ ជនសង្ស័យជនជាតិវៀតណាម ទាំង១២នាក់ ដែលត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី ចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារភ្នំស្វាយខេត្ត កាលពីរសៀលថ្ងៃ២១មេសា ម្សិលមិញនោះ គឺត្រូវគេដឹងថា បានជាប់ពាក់ព័ន្ធទៅនឹងការនាំយកគ្រឿងចក្រ ចំនួន ៦គ្រឿង ឆ្លងដែនខុសច្បាប់ ចូលឈូសឆាយដីព្រៃ នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនប្រគល់ឲ្យ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី កាលពីថ្ងៃទី១៦មេសា២០១៩កន្លងទៅ។
សូមជម្រាបថា កាលពីថ្ងៃទី១៦មេសា២០១៩ កន្លងទៅនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានដឹកនាំកម្លាំងចុះឃាត់ខ្លួន បុរសជនជាតិវៀតណាម ១២នាក់ ព្រមទាំងបានដកហូតបានគ្រឿងចក្រ ចំនួន ៦គ្រឿង នៅក្នុងភូមិសាស្ត្រ តំបន់អូរតាយ៉ាក នៃដែនព្រៃឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការអនុវត្ត តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា និងក៏មានការបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តរតនគិរី លោក ថង សាវុន ផងនោះដែរ។ ក្រោយការឃាត់ខ្លួនបុរសជាតិវៀតណាម ទាំង១២នាក់នោះរួច កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យកម្លាំងការិយាល័យ នគរបាលអន្តោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត រីឯគ្រឿងចក្រ៦គ្រឿង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត បានផ្ញើទុកបណ្តោះអាសន្ន នៅក្នុងបរិវេណក្រុមហ៊ុន «នុភាពសុភី» ដែលមានទីតាំងនៅក្នុងតំបន់អូរតាយ៉ាក នៃដែនព្រៃឧទ្យានជាតិវីរៈជ័យ ស្ថិតនៅក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
តាមការបញ្ជាក់ពីសមត្ថកិច្ចថា ជនជាតិវៀតណាមទាំង ១២នាក់ និងគ្រឿងចក្រចំនួន ៦គ្រឿង ត្រូវបានគេនាំចូលមកកម្ពុជា ដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ ៥០៥ «ប៉ុស្តិ៍ភូមិចង» ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុន «នុភាពសុភី» និងជនជាតិវៀតណាមម្នាក់ ឈ្មោះ VO NGU YEVSA «វូងូយ៉េវសា» កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣ ៣១ ២៤ ២៣៤។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ករណីជនជាតិវៀតណាមនាំគ្រឿងចក្រ ចូលមកឈូសឆាយដីព្រៃ ចូលជ្រៅក្នុងដីកម្ពុជាខាងលើនោះ ប្រសិនបើគ្មានការឃុបឃិតគ្នា ពីមន្ត្រីការពារព្រំដែននោះទេ នោះពួកគេមិនអាចចូលមកប្រព្រឹត្តបទល្មើស នៅក្នុងទឹកដីកម្ពុជា បាននោះឡើយ។ តែទោះជាយ៉ាងណា បុរសជាតិវៀតណាមទាំង១២នាក់ ត្រូវបានតុលាការខេត្តរតនគិរី បានសម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារភ្នំស្វាយខេត្ត នោះហើយ កាលពីរសៀលថ្ងៃទី២១មេសា២០១៩ ម្សិលមិញនេះ។ ហើយជុំវិញរឿងនេះ គេនៅមិនទាន់ដឹងថា តើមានមន្ត្រីសមត្ថកិច្ចណា និងតំណាងក្រុមហ៊ុនណាខ្លះ ដែលជាប់ពាក់ព័ន្ធនឹងករណី បើកដៃឲ្យជនជាតិវៀតណាម នាំគ្រឿងចក្រចូលមកឈូសឆាយដីព្រៃកម្ពុជា ដោយខុសច្បាប់ ហើយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត នឹងបន្តបើកការស៊ើបអង្កេត និងមានចំណាត់ការយ៉ាងណា ទៅលើអ្នកជាប់ពាក់ព័ន្ធទាំងនោះ នៅឡើយដែរ?៕ដោយ ឡុង សំបូរ