បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមសម្ពោធអាគារចំនួន ១០ខ្នងអំណោយគណៈបញ្ជាការយោធាទីក្រុងហូជីមិញ 

0

កំពង់ធំ៖ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំទីតាំង ត្រៀមធ្វើពិធីសម្ពោធអាគារចំនួន ១០ខ្នង ដែលជាអំណោយរបស់ គណៈបញ្ជាការយោធាទីក្រុងហូជីមិញ  នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលអាគារទាំងនេះ បានសាងសង់នៅតាមបណ្តាផ្នែកសឹករងស្រុកក្រុង ទាំង៨ និងវរសេនាតូចទាំង២ តែធ្វើពិធីសម្ពោធរួមគ្នាក្នុងពេលតែមួយ ។ដើម្បីឈានទៅដល់បើកពិធីសម្ពោធន៍អាគារ១០ខ្នងជាផ្លូវការ និងទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយស ឲ្យមានភាពអធឹកអធ័ម និងអបអរសាទរដែលបានទទួលនូវសមិទ្ធផលថ្មី បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន បានមានប្រសាសន៍ថា អាគារនីមួយៗមានទំហំ ១៩៥ ម៉ែត្រការ៉េ ធ្វើពបេតុង  ប្រក់ ក្បឿង ថៃដែលនឹងត្រូវត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះ គឺបានពិនិត្យទីតាំងរៀបចំពិធីសម្ពោធ និងបានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅទីបញ្ជាការវរសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ឧត្តមសេនីយ៍ទោ សោមស៊ុន  បញ្ជាក់ថា អាគារទាំង១០ខ្នង គឺជាអំណោយរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញដែលជាអង្គភាព សហប្រតិបត្តិការជាមួយអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទើបសាងសង់រួចទាំង១០ ខ្នង ត្រូវបានចំណាយថវិកាក្នុងការសាងសង់ អស់ទឹកប្រាក់ជាង៤០០០០០ ដុល្លា សហរដ្ឋអាមេរិក   ក្នុងនោះគណៈបញ្ជាការយោធាទីក្រុងហូជីមិញ បានជួយសាងសង់អាគារសរុបចំនួន ១២ខ្នងរួចមកហើយ អាគារចំនួន ២ខ្នងមុនបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្មីកន្លងមកនេះ គឺអគារធ្វើការងាររបស់មេបញ្ជាការរង ១ខ្នង និងអគារទទួលភ្ញៀវស្នាក់នៅចំនួនមួយខ្នងព្រមទាំងបំពាក់គ្រឿងបំពាក់គ្រែ ពូក  ម៉ាស៊ីន ត្រជាក់  ទូរទស្សន៍  និង គ្រឿង សង្ហារឹម ផងដែរ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន គោលនយោបាយ ឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយនិងប្រទេសជិតខាង ដើម្បីការពារ សន្តិសុខ សុវត្តិភាព និងរក្សាសន្តិភាពដល់ប្រទេសជាមិត្ត និងអគុណដល់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ ដែលបានសហការណ៍ល្អក្នុងនាមជាអង្គភាព សហប្រតិបត្តិការជាមួយតំបន់សឹករងកំពង់ធំ។ដោយ  ប៊ុន  រដ្ឋា