ឧត្តមានជ័យ: យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកឈ្មោះ ព្រះវិហារ ទឹកដីជាយដែន ខេត្តព្រះវិហារបញ្ជាក់ថា នៅសាលាស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរ មានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការចុះផ្ទៀងផ្ទាត់ក្បាលដី ដែលប្រជាពលរដ្ឋបានចូលកាប់ទន្ទ្រានយកដីក្រុមហ៊ុនមេត្រីភាព និងដីព្រៃសហគមន៍ ទំនប់អូរតាក្អែក ស្ថិតក្នុងភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្ដម ស្រ៊ុន ផរិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តស្តីទី ទទួលបន្ទុកការងារវិវាទទំនាស់ដីធ្លី ឯកឧត្តមវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម មេបញ្ជារការ មេបញ្ជារការរង ស្នងការ ស្នងការរង នគរបាលខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងអស់លោកប្រធានគណៈបញ្ជារការឯកភាពស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ សរុបចំនួន៤៥នាក់។
នៅក្នុងកិច្ចប្រជុំនោះលទ្ធផល បានសម្រេចកំណត់យកត្រឹមចំនួន៤៣១គ្រួសារ សម្រាប់ផ្ទៀងផ្ទាត់លើផ្ទៃដីរួម ដែលស្ថិតនៅក្នុងភូមិសាស្រ្តរួម របស់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមតិរបស់ឯកឧត្តម ស ថាវី បានប្រគល់ទៅឲ្យស្រុកទាំង០២ ស្រុុកត្រពាំងប្រាសាទ ខេត្ត ឧត្តរ មានជ័យ និង ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ជាអ្នកចាត់ចែងបន្តទៀត៕សួនលីណា





































