ឈ្មួញចាក់ដីលុបឆ្នេរសមុទ្រនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយសារមានការឃុបឃិតជាប្រព័ន្ធ

0

ខេត្តកោះកុង ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋរស់នៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានលុយ អ្នកមានអំណាច បានចាក់ដីលុបឆ្នេរសមុទ្រនៅភូមិជ្រោយស្វាយ រាប់រយហិកតាយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញដែលចាក់ដីលុបឆ្នេរសមុទ្រយកធ្វើជាកម្មសិទ្ធិបានយកដើមដូងធំៗទៅដាំនៅលើឆ្នេរដែលចាក់ដីលុបថ្មីៗដើម្បីបំភ័ន្តភ្នែកមន្ត្រីជំនាញ និងក្រសួងពាក់ព័ន្ធទៀតផង។ ទោះជាយ៉ាងណាប្រជាបលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេឃុំជ្រោយស្វាយ ក៏ដូចជាអភិបាលស្រុកស្រែអំបិល និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង ទេនោះគឺគ្មានឈ្មួញណាអាចចាក់ដីលុបឆ្នេរសមុទ្ររាប់រយហិកតាយកធ្វើជាកម្មសិទ្ធិស្រួលៗបែបនេះឡើយ។

តាមប្រភពពីមន្ត្រីនៅក្នុងសាលាស្រុកស្រែអំបិល មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់អភិបាលស្រុកស្រែអំបិល និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង ទេនោះគឺក្រុមឈ្មួញមិនអាចចាក់ដីលុបឆ្នេរសមុទ្រនៅភូមិជ្រោយស្វាយ យកធ្វើជាកម្មសិទ្ធិបានទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ករណីខាងលើនេះជាបន្ទាន់ដើម្បីកុំឲ្យឈ្មួញចាក់ដីលុបឆ្នេរសមុទ្រនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល តាមអំពើចិត្តទៀត។ ជាពិសេសលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គួរចាត់វិធានការទៅតាមច្បាប់ទៅលើមន្ត្រីអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញដែលឃុបឃិតឲ្យឈ្មួញដាក់ដីលុបឆ្នេរសមុទ្ររាប់រយហិកតាយកធ្វើជាកម្មសិទ្ធិផងដែរ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុង ភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានឲ្យដឹងថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរឃុំជ្រោយស្វាយ និងមន្ត្រីអាជ្ញាធរស្រុកស្រែអំបិល ទើបក្រុមឈ្មួញអាចបំពានចាក់ដីលុបឆ្នេរសមុទ្រយកធ្វើជាកម្មសិទ្ធិដោយគ្មានញញើតអ្វីទាំងអស់។ ទន្ទឹមនឹងនេះអាចមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយមេឃុំជ្រោយស្វាយ ក៏ដូចជាអភិបាលស្រុកស្រែអំបិល គឺជាអ្នកទទួលខុសត្រូវធំជាងគេ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញជាបន្ទាន់ទៅលើករណីចាក់ដីលុបឆ្នេរសមុទ្រនៅភូមិជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ព្រោះមួយរយៈចុងក្រោយនេះមិនមែនតែនៅស្រុកស្រែអំបិល ប៉ុណ្ណោះទេដែលមានក្រុមឈ្មួញធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ លុបព្រៃកោងកាង ព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិយ៉ាងរលូនគឺនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកបុទុមសាគរ ខេត្តកោះកុង ក៏មានក្រុមឈ្មួញធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីឆ្នេរសមុទ្រ ដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិយ៉ាងសុខស្រួលដែរ៕