ព្រះវិហារ: ផ្ទះរបបគំរូសម្តេចតេជោផ្តល់ជូនកងទ័ពចំនួន៧២ខ្នង បានរងការរបើកក្បឿងរប៉ាត់រប៉ាយ ស្របពេលជាមួយសាលប្រជុំអាគារមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មួយខ្នងទំហំ៣០×៥០ម៉ែត្រ រួមនិងផ្ទះគំរូកងទ័ពចំនួន២ខ្នង រលំដួលដល់ដីទាំងស្រុង ដោយសារខ្យល់កន្រ្តាក់ លាយឡំភ្លៀងផ្គររន្ទះវាយបំផ្លាញ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកសយ គីមសាន បានបញ្ជាក់ឱ្យដឹងតាមប្រពន្ធTelegram នាព្រឹកថ្ងៃចន្ទ ទី២៩ថា ផ្ទះរបបគំរូគ្រួសារកងទ័ពដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់សរុប៧៥ខ្នង ក្នុងនោះរួមមាន÷ ផ្ទះរបបគំរូគ្រួសារទ័ព កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ចំនួន២ខ្នងរលំដល់ដី និង៤៦ខ្នងរបើកក្បឿង និងផ្ទះរបបគំរូគ្រួសារទ័ពកងពលលេខ១ ចំនួន៤ខ្នងរលំដួលដល់ដី និងផ្ទះមួយចំនួនទៀតរបើកដំបូល ស្របពេលជាមួយសាលប្រជុំអាគារមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មួយខ្នងទំហំ៣០×៥០ម៉ែត្រ រួមនិងផ្ទះគំរូកងទ័ពចំនួន២៦ខ្នង របើកក្បឿងរបាត់របាយដោយសារខ្យល់កន្រ្តាក់ លាយឡំភ្លៀងផ្គររន្ទះនេះផងដែរ។
គួររំលឹកថា កាលពីល្ងាចថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ផ្ទះប្រជាពលរដ្ឋ ដែលជាគ្រួសារកងទព័ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន៥៨គ្រួសារ បានរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ធ្វើអោយរលំរាបដល់ដីចំនួន១០ខ្នង របើកដំបូលមធ្យម២ខ្នង និងរបើកដំបូលតិចតួច៤៦ខ្នងផងដែរ ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្ស ឫសត្វរងគ្រោះថ្នាក់នោះទេ៕សួនលីណា




































